(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមគណនេយ្យករជំនាញ (ACCA) និងវិទ្យាស្ថានគណនេយ្យធុរកិច្ច (BSA) ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសណ្ឋាគារ ហៃយ៉ាត់ រេជិនស៊ី រាជធានីភ្នំពេញ។
ការចុះហត្ថលេខានាពេលនេះគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការបណ្តុះបណ្តាល និងលើកកម្ពស់គុណភាពធនធានមនុស្សក្នុងផ្នែកជំនាញគណនេយ្យធុរកិច្ច ហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា។

ថ្លែងក្នុងនាមជាអ្នកសង្កេតការណ៍មួយរូប និងក្នុងនាមក្រសួងដែលទទួលបន្ទុកវិស័យរបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឯកឧត្តម ជា កុសល បានវាយតម្លៃខ្ពស់ចំពោះគោលបំណងនៃអនុស្សរណៈទាំងពីរ ដែលផ្តោតលើការបណ្តុះបណ្តាលតាមស្តង់ដាអន្តរជាតិ ដើម្បីរៀបចំយុវជនឱ្យមានសមត្ថភាពខ្ពស់ស្របតាមតម្រូវការទីផ្សារការងារតំបន់ និងសកលលោក ហើយដែលកិច្ចសហការនេះក៏នឹងសង្កត់ធ្ងន់លើការអនុវត្តជាក់ស្តែង ការធានាគុណភាពសិក្សា និងការបង្កើតស្ពានតភ្ជាប់រវាងការសិក្សានិងឧស្សាហកម្ម តាមរយៈកម្មវិធីតម្រង់ទិស និងការបង្កើតបណ្តាញទំនាក់ទំនងវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ដែលនាំមកនូវផលប្រយោជន៍ដ៏មហាសាលដល់សង្គមជាតិទាំងមូល។

លោកជំទាវឧកញ៉ា តាំង ជូលី ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមក្នុងការអភិវឌ្ឍជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ និងមានស្តង់ដាខ្ពស់ ជាពិសេសលើជំនាញគណនេយ្យធុរកិច្ច ហិរញ្ញវត្ថុ និងពន្ធដារ។
ទន្ទឹមនេះលោកជំទាវ បញ្ជាក់បន្ថែមថា សិស្សដែលបញ្ចប់ការសិក្សាដោយជោគជ័យនឹងទទួលបានវិញ្ញាបនបត្ររួមដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងការបញ្ជាក់គុណវុឌ្ឍិអន្តរជាតិពីស្ថាប័ន ACCA ផងដែរ។
តាមរយៈសកម្មភាពទាំងនេះ ភាគីពាក់ព័ន្ធមិនត្រឹមតែចូលរួមបណ្តុះបណ្តាលជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវទំនុកចិត្ត និងអនាគតដ៏រុងរឿងសម្រាប់សិក្ខាកាមគ្រប់រូប ក្នុងគោលដៅបង្កើតសក្តានុពលធនធានមនុស្សប្រកបដោយចីរភាពដើម្បីចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ៕
#MLVT #HENGSour
English