(ភ្នំពេញ)៖ ក្នុងស្មារតីពង្រឹងគុណភាពអប់រំបច្ចេកទេសឱ្យឆ្លើយតបនឹងទីផ្សារការងារជាក់ស្តែង វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគម ក្រុមហ៊ុន និងគ្រឹះស្ថានសិក្សាសរុបចំនួន ១០ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងដៃគូពាក់ព័ន្ធសរុបចំនួន ១១០នាក់។

កិច្ចសហការទ្រង់ទ្រាយធំនេះ ផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបណ្តុះបណ្តាល ចាប់តាំងពីការរៀបចំកម្មវិធីសិក្សាតាមតម្រូវការក្រុមហ៊ុន ការផ្តល់កន្លែងចុះកម្មសិក្សា រហូតដល់ការជ្រើសរើសបុគ្គលិក និងការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត និងមន្ត្រីបច្ចេកទេស។ លើសពីនេះ ស្ថាប័នដៃគូនឹងបញ្ជូនអ្នកជំនាញមកធ្វើជាគ្រូឧទ្ទេស និងវាគ្មិន ដើម្បីចែករំលែកបទពិសោធផ្ទាល់ក្នុងថ្នាក់រៀន និងការដឹកនាំសារណា ខណៈដែលគ្រូរបស់វិទ្យាស្ថានក៏មានឱកាសចុះអនុវត្តការងារផ្ទាល់ក្នុងវិស័យឧស្សាហកម្មផងដែរ។ ជាមួយគ្នានេះ ភាគីទាំងអស់នឹងសហការគ្នាក្នុងការស្រាវជ្រាវ និងការធ្វើតេស្តវាយតម្លៃសមត្ថភាព ដើម្បីធានាបាននូវធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ស្របតាមស្តង់ដាក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងកោតសរសើរចំពោះសមិទ្ធផលដែលវិទ្យាស្ថានសម្រេចបាន និងបានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៣ ចំណុច ដើម្បីជំរុញប្រសិទ្ធភាពការងារ៖ ទីមួយ. ត្រូវរួមគ្នាស្រាវជ្រាវបង្កើតផលិតផលដែលមានប្រយោជន៍សម្រាប់វិស័យយោធា និងតំបន់ព្រំដែន។ ទីពីរ. ត្រូវចាត់តាំងមន្ត្រីទទួលបន្ទុកតាមដានការអនុវត្ត MoU ជាមួយដៃគូឱ្យបានហ្មត់ចត់។ និងទីបី. ត្រូវរៀបចំផែនការសកម្មភាពប្រតិបត្តិឱ្យច្បាស់លាស់ ដោយមានការប្រជុំត្រួតពិនិត្យរៀងរាល់ត្រីមាស៕
#MLVT #HENGSour #TVET

English