(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ» ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅបរិវេណវត្តឧត្តមមានជ័យសិរីមុន្នី ក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដោយមានការចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៧០០នាក់។
ក្នុងឱកាសនេះ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យចាប់យកឱកាសការងារក្នុងស្រុក ដែលមានចំនួន ៩ ៤៩០ កន្លែង ពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ និងតំបន់សេដ្ឋកិច្ចពិសេស។ ឯកឧត្តមបានបញ្ជាក់ថា ការចូលបម្រើការងារស្របច្បាប់នៅក្នុងស្រុក នឹងផ្តល់អត្ថប្រយោជន៍ដល់បងប្អូនតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នូវរបបចំនួនបី រួមមានរបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ដែលមានកិច្ចគាំពារប្រហាក់ប្រហែលនឹងមន្ត្រីរាជការដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តមបានក្រើនរំលឹកពីហានិភ័យនៃការធ្វើចំណាកស្រុកខុសច្បាប់ ដែលប្រឈមនឹងការកេងប្រវ័ញ្ច និងខ្វះការការពារតាមផ្លូវច្បាប់។ ការធ្វើការងារក្នុងស្រុក មិនត្រឹមតែធានាបាននូវប្រាក់ចំណូលស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសឱ្យបានជួបជុំ និងថែទាំក្រុមគ្រួសារជាទីស្រឡាញ់ទៀតផង។ ក្នុងករណីមានបំណងទៅធ្វើការនៅក្រៅប្រទេសដែលមានប្រាក់ខែខ្ពស់ ពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនស្របច្បាប់ និងធ្វើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះជាមួយអាជ្ញាធរ ឬទាក់ទងលេខជំនួយរហ័ស ១២៩៧ សម្រាប់ផ្នែកផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។

លើសពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកទឹកចិត្តដល់យុវជនឱ្យចូលរៀនជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបាត់ដំបង តាមរយៈកម្មវិធី «TVET ១,៥ លាន» ដែលជាកម្មវិធីជាតិឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភប្រចាំខែ រួមមានជំនាញការជួសជុលម៉ាស៊ីនត្រជាក់ អគ្គិសនី សំណង់ សេវាកម្មកាហ្វេ សាឡន សម្អាងការ និងជំនាញជាច្រើនទៀត រួមទាំងការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីធានាបាននូវការងារធ្វើ និងប្រាក់ឈ្នួលសមរម្យ។
សូមបញ្ជាក់ថា វេទិកានេះមានការសហការចូលរួមពីក្រុមហ៊ុន និងសហគ្រាសធំៗជាច្រើន រួមមានក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ, ថាកូ អាហ្រ្គី, សាន ហ្វេង, វ៉ាន់លី ថាយអឺរ, សមាគម TAFTAC, តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, តំបន់សេដ្ឋកិច្ចពិសេស ចេជាង គម្រោង២ និងអង្គការការីតាសកម្ពុជា។ សម្រាប់ឱកាសការងារនៅប្រទេសជប៉ុន ក៏មានការចូលរួមពីក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍, មង្គល អេចអ និង វង្ស វឌ្ឍនៈ មេនផៅវ័រ ផងដែរ៕

#MLVT #HENGSour
English