Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


វិទ្យាស្ថានកម្ពុជា និងចិនចំនួនបីចុះហត្ថលេខាពង្រីកកិច្ចសហប្រតិបត្តិការ TVET ដើម្បីអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា

 ច័ន្ទ, 25 ឧសភា 2026 20:33  |    រៀបរៀងដោយ MLVT  |  296 ដង  |   បោះពុម្ព  |   Email
  • វិចិត្រសាល
វិទ្យាស្ថានកម្ពុជា និងចិនចំនួនបីចុះហត្ថលេខាពង្រីកកិច្ចសហប្រតិបត្តិការ TVET ដើម្បីអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឆិន ស៊ាងរ៉ូ (Chen Xiangru) លេខាធិការគណៈកម្មាធិការបក្សនៃវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈដឹកជញ្ជូនក្វាងស៊ី (GTVTC) ព្រមទាំងអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា រវាងវិទ្យាស្ថាន GTVTC វិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា (NPIC) និងវិទ្យាស្ថានបច្ចេកវិទ្យាប្រាសិទ្ធ (PIT) នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ 

 

ជំនួបដ៏មានសារៈសំខាន់នេះមានគោលបំណងផ្លាស់ប្តូរយោបល់សម្រាប់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងបីក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាពិសេសលើការអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) និងផ្នែកដឹកជញ្ជូន។ ចំណែកឯ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យ TVET មានទិសដៅ លើកកម្ពស់សមត្ថភាពអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសលើបច្ចេកវិទ្យាយានយន្ត និង NEV ព្រមទាំងជំនាញពាក់ព័ន្ធផ្សេងៗ តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសនិងការផ្លាស់ប្តូរការបណ្ដុះបណ្ដាលធនធានមនុស្ស ការអភិវឌ្ឍកម្មវិធីសិក្សានិងស្តង់ដារួម ព្រមទាំងការអប់រំសហការរវាងគ្រឹះស្ថានអប់រំ និងសហគ្រាសក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញខ្ពស់។

 

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ឆិន ស៊ាងរ៉ូ និងគណៈប្រតិភូ ក៏ដូចជាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនិងវិទ្យាស្ថាន GTVTC ដោយឯកឧត្តមគូសបញ្ជាក់ថា កម្ពុជា និងចិនមានទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រដ៏យូរលង់និងដ៏ល្អ ព្រមទាំងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ដែលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ បន្ថែមពីនេះ ជំនួបនាថ្ងៃនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យ TVET ដែលជាក់ស្តែងគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការពេញចិត្តនិងគំាទ្រយ៉ាងពេញទំហឹងចំពោះការពង្រីកកិច្ចសហប្រតិបត្តិការនេះ ព្រោះថាគំនិតផ្តួចផ្តើមនេះគឺពិតជាចំពេលនិងអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែង ជាពិសេស NEV ឬរថយន្តដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ។ ការកើនឡើងនៃការប្រើប្រាស់ប្រភេទរថយន្តនេះនៅកម្ពុជា គឺពិតជាទាមទារឱ្យមានតម្រូវការនៃការបណ្តុះបណ្តាលជំនាញថែទាំ និងជួសជុលបន្ថែមទៀត ដោយឯកឧត្តមបានជំរុញឱ្យមានការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងឱ្យបានឆាប់ ជាពិសេសគឺការបណ្តុះបណ្តាលគ្រូជាច្រើននាក់ឱ្យឈានដល់កម្រិតអនុបណ្ឌិតលើផ្នែក NEV ។ 

 

ឯកឧត្ដមរដ្ឋមន្រ្តីបន្តថា កម្ពុជាតែងចាត់ទុកវិស័យ TVET ជាកាតាលីករគន្លឹះជំរុញកំណើនផលិតភាពកម្លាំងពលកម្ម គាំទ្រដល់ពិពិធកម្ម និងការលើកកម្ពស់កម្រិតឧស្សាហកម្ម ព្រមទាំងពង្រីកឱកាសការងារសមរម្យសម្រាប់យុវជន។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងព្យាយាមពង្រឹងការផ្សារភ្ជាប់ឧស្សាហកម្ម និង TVET តាមរយៈការជំរុញការបណ្តុះបណ្តាលផ្អែកលើតម្រូវការ កម្មវិធីសិក្សាផ្អែកលើសមត្ថភាព ការរៀនសូត្រនៅកន្លែងធ្វើការ ប្រព័ន្ធកម្មសិក្សា និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងគ្រឹះស្ថាន TVET និងសហគ្រាស។ 

 

ជាការឆ្លើយតប លោក ឆិន ស៊ាងរ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងដែលបន្តគាំទ្រនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ TVET ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំល្អៗដែលជាគ្រឹះដ៏រឹងមាំនៃភាពជាដៃគូនេះ ហើយសមិទ្ធផលនាថ្ងៃនេះ គឺជាអ្វីដែលវិទ្យាស្ថាន GTVTC បានទន្ទឹងរង់ចាំជាយូរមកហើយ ដើម្បីផ្តល់ជូននូវការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញដែលឆ្លើយតបនឹងតម្រូវការរបស់កម្ពុជា ជាពិសេសផ្នែក NEV។ លោកបានបន្តថា ចាប់តាំងពីឆ្នាំ២០២២មក វិទ្យាស្ថាន GTVTC បានបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបចំនួន ៣៦រូប ហើយបច្ចុប្បន្ននេះ និស្សិតកម្ពុជាកំពុងបន្តការសិក្សាមាន ២៦រូបលើជំនាញ បច្ចេកវិទ្យា NEV, បច្ចេកវិទ្យាវាស់វែង និងគូរផែនទីដោយដ្រូន (UAV Mapping Technology) ព្រមទាំងបច្ចេកវិទ្យាវិស្វកម្មសំណង់ឆ្លាតវៃជាដើម។ លោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចពិភាក្សា និងការផ្តល់យោបល់នេះគឺជាឱកាសនៃការចែករំលែកបទពិសោធលើការងារគ្រប់គ្រងសាលា និងធនធានប្រកបដោយប្រសិទ្ធភាព ជាពិសេសលើគម្រោងបង្កើតមជ្ឈមណ្ឌលរួមគ្នាមួយ នាពេលអនាគតដើម្បីអភិវឌ្ឍផ្នែក NEV នៅកម្ពុជា ដោយលោកប្តេជ្ញាចិត្តថានឹងជំរុញការអនុវត្តការបណ្តុះបណ្តាលឱ្យបានលឿនបំផុត។   

 

ភាគីទាំងពីរបានបង្ហាញការជឿជាក់ថា ជំនួបពិភាក្សាដ៏មានតម្លៃ និងទស្សនវិស័យស៊ីជម្រៅនេះនឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើផ្នែក NEV បច្ចេកវិទ្យាយានយន្ត ដឹកជញ្ជូន និងការអភិវឌ្ឍជំនាញតម្រង់ទិសឧស្សាហកម្មសម្រាប់ផលប្រយោជន៍ប្រជាជាតិទាំងពីរ៕ 

#MLVT #HENGSour #TVET


Click to enlarge image o_1jpflkje5cv91n8apvpge110fi11.jpeg
Click to enlarge image o_1jpflkje5o6t1724olb13ac14bg12.jpeg
Click to enlarge image o_1jpflkje5u5q12h216c9ij51rk2v.jpeg
Click to enlarge image o_1jpflkje5uqg1b741l8oc7i1p28o.jpeg
Click to enlarge image o_1jpflkje51eo6tdrg3e1meorec13.jpeg
Click to enlarge image o_1jpflkje51ervd951pfq1iug1ufbt.jpeg
Click to enlarge image o_1jpflkje51lkqfjpe91irumoeu.jpeg
Click to enlarge image o_1jpflkje51lkqhej5k1rkcohaq.jpeg
Click to enlarge image o_1jpflkje51lls1258b1sgjq1jr.jpeg
Click to enlarge image o_1jpflkje59u1157bnh29l91cqdp.jpeg
Click to enlarge image o_1jpflkje61ri1kohk3k1a8dm2o15.jpeg
Click to enlarge image o_1jpflkje517e768seut1ot8kpt14.jpeg
Click to enlarge image o_1jpflkje517omme7b1n1l4e7d1s.jpeg
Click to enlarge image o_1jpflkje5148f4ir13lc10hrj8210.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3663.html#sigProId04b9d8ad4a

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.