(កំពង់ឆ្នាំង)៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួង គោរពវិញ្ញាណក្ខន្ធសពបងប្អូនកម្មករនិយោជិតចំនួន ៩នាក់ (ស្រី ៨នាក់) ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីព្រឹកមិញនេះ ស្ថិតនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្ដែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ចំពោះការបាត់បង់ កូន ភរិយា និងឪពុកម្ដាយ ជាទីគោរពស្រឡាញ់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញបន្តដំណើរចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពបងប្អូនកម្មករនិយោជិតដែលបានរងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងបាននាំថវិកា និងកន្ត្រកផ្លែឈើ ជូនពរដល់បងប្អូនឱ្យបានឆាប់ជាសះស្បើយផងដែរ។
បន្ថែមលើនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយទុក្ខលំបាកនានា របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាក្រុមគ្រួសារសព ដើម្បីធានាថាពួកគាត់នឹងទទួលបាននូវអត្ថប្រយោជន៍ និងការគាំពារផ្សេងៗ ស្របតាមច្បាប់ស្ដីពីការងារ និងគោលការណ៍នៃរបបសន្តិសុខសង្គមជាធរមាន៕

#MLVT #HENGSour
English