(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jochen M. Schmittmann តំណាងប្រចាំតំបន់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ពុជា ឡាវ និងវៀតណាម និងសហការី នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពការងារ ផ្លាស់ប្តូរយោបល់លើការស្រូបទាញកម្លាំងពលកម្ម ការអភិវឌ្ឍជំនាញ ជាពិសេស ការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍មកពីប្រទេសថៃ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកិច្ចសន្ទនាជាបន្តបន្ទាប់ប្រកបដោយភាពស្ថាបនារបស់ IMF ជាមួយកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជំនួបដែលពិភាក្សាផ្លាស់ប្តូរទស្សនៈពីបច្ចុប្បន្នភាពស្ថានភាពទីផ្សារការងារ តម្រូវការជំនាញ និងកម្លាំងពលកម្ម ព្រមទាំងទស្សនវិស័យនៃការងារនាពេលខាងមុខ ចំពោះអតីតពលករដែលវិលត្រឡប់មកវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះមានសារៈសំខាន់ និងទាន់ពេលវេលា ខណៈដែលប្រទេសកម្ពុជាកំពុងបន្តពង្រឹងភាពធន់នៃទីផ្សារការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធអភិវឌ្ឍជំនាញ និងប្រព័ន្ធផ្គូផ្គងការងារ។

ទន្ទឹមនឹងនេះ ឯកឧត្ដម ហេង សួរ បានលើកឡើងពីកិច្ចអន្តរាគមន៍យ៉ាងទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តោតលើការផ្តល់សេវាកម្មទីផ្សារការងារជាក់ស្តែងសំខាន់ៗ ដូចជា ការពង្រឹងតួនាទីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងការប្រមូលព័ត៌មាននៃឱកាសការងារពីនិយោជក ហើយផ្សព្វផ្សាយឱកាសការងារ តាមរយៈការបើកដំណើរការលេខទូរស័ព្ទ ១២៩៧ និងបណ្តាញសង្គម ព្រមទាំងការរៀបចំវេទិកាការងារ និងពិព័រណ៍ការងារនៅតាមមូលដ្ឋាន ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់អតីតពលករ ជាមួយការផ្តល់ព័ត៌មានពីរបបសន្តិសុខសង្គម និងជម្រើសបណ្តុះបណ្តាលជំនាញផងដែរ។
ជាមួយគ្នានេះ ក្រសួងក៏បានផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ដល់ពួកគាត់ ក៏ដូចជាយុវជនពីគ្រួសារក្រីក្រ និងងាយរងគ្រោះឱ្យទទួលបានជំនាញពិតប្រាកដក្នុងរយៈពេលខ្លី និងឆាប់ទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ បន្ថែមពីនេះ ដើម្បីចូលរួមអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់អតីតពលករ ក្រសួងក៏បានផ្តល់ឱកាសធ្វើតេស្តទទួលស្គាល់សមត្ថភាពដែលមានពីមុន (RPL) ដោយឥតគិតថ្លៃ លើមុខជំនាញក្នុងវិស័យសំណង់ជាដើម។

ជាការឆ្លើយតប លោក Jochen M. Schmittmann បានថ្លែងអំណរគុណ និងកោតសរសើរដល់ ឯកឧត្ដមរដ្ឋមន្រ្តី ចំពោះការចែករំលែកពីយន្តការអន្តរាគមន៍ ការធ្វើសមាហរណកម្ម ក៏ដូចជាការធ្វើបច្ចុប្បន្នភាពពីស្ថានភាពអតីតពលករពីប្រទេសថៃ ហើយទិន្នន័យច្បាស់លាស់ទាំងនេះពិតជាមានសារៈសំខាន់សម្រាប់ IMF។
ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា IMF នឹងបន្តភាពជាដៃគូជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IMF បន្ថែមទៀត ដើម្បីចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

#MLVT #HENGSour
/div>
English