(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំក្រុមការងារអនុវត្តកម្មវិធីរួម (JPT) នៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី ៣ (DEY III) ដឹកនាំដោយលោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ និងជាសហប្រធានអចិន្ត្រៃយ៍ ក្នុងគោលបំណងពិនិត្យ និងសម្រេចលើការកែសម្រួលផែនការការងារឆ្នាំ២០២៦។
ក្នុងឱកាសនេះ លោកជំទាវអនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះអង្គប្រជុំបានពិភាក្សាយ៉ាងស៊ីជម្រៅលើការកំណត់អាទិភាពការងារឡើងវិញ ការបែងចែកកញ្ចប់ថវិកាឱ្យចំគោលដៅ និងការរៀបចំកម្មវិធីទស្សនកិច្ចចុះផ្ទាល់របស់គណៈប្រឹក្សាភិបាលនាខែឧសភាខាងមុខ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការការងាររបស់យុវជនកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ក៏មានពិធីប្រគល់ភារកិច្ចសហប្រធានប្តូរវេនពីលោក លៀវ គឹមឡាយ តំណាងអង្គការ UNESCO ជូនលោក ជា គីមសុង មន្ត្រីជំនាញគោលនយោបាយសង្គម នៃអង្គការ UNICEF ជាផ្លូវការ។ លោកជំទាវ បានលើកឡើងថាពិធីនេះបានសបញ្ជាក់ពីស្មារតីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការបន្តបេសកកម្មជំរុញវិស័យការងារ និងការបណ្តុះបណ្តាលជំនាញដល់យុវជនឱ្យកាន់តែប្រសើរឡើង។
កិច្ចប្រជុំបានបញ្ចប់ទៅដោយផ្លែផ្កា ជាមួយនឹងការឯកភាពលើចំណុចសកម្មភាពបន្ត និងការកំណត់កាលវិភាគកិច្ចប្រជុំទៀងទាត់សម្រាប់ពេញមួយឆ្នាំ២០២៦ ខាងមុខនេះ៕


#MLVT #HENGSour
English