(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) លើការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
សិក្ខាសាលារយៈពេលពេញមួយថ្ងៃនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ តាមយុទ្ធសាស្ត្រទាំង ៦ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨។

អនុគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃតាមយុទ្ធសាស្ត្រទាំង៦ លើប្រធានបទស្តីពី «យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងលទ្ធផលរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥» បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារ ព្រមជាមួយនឹងការផ្តល់ឱកាសឱ្យសមាជិក សមាជិកា ចូលរួមពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងដោះស្រាយរាល់បញ្ហាប្រឈមនានាតាមយុទ្ធសាស្រ្តនីមួយៗ។
បើតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ឱ្យដឹងថា នេះគឺជាជំហានដ៏សំខាន់ក្នុងការធានាថា រាល់ផែនការសកម្មភាព និងសូចនាករដែលបានដាក់ចេញ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ដើម្បីជំរុញការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែរីកចម្រើន៕

#MLVT #HENGSour
English