នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ នៅក្នុងវិស័យសំណង់(PAB) បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី៥ ដើម្បីចែករំលែកលទ្ធផលការងារគម្រោងដែលបានអនុវត្តក្នុងវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២២ និងផែនការអនុវត្ត ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក សមាជិកា ត្រីភាគី ដែលមានភាគីរាជរដ្ឋាភិបាល អង្គការ សហជីព និងសមាគមនិយោជក។
កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងផ្ទាល់ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជ.បណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានPAB និងលោក យ៉ាស៊ុអូ អារីហ្គា អ្នកគ្រប់គ្រងគម្រោងរបស់អង្គការអន្តរជាតិខាងការងារ(ILO)ប្រចាំនៅប្រទេសថៃ។ អង្គប្រជុំមានវត្តមានរបស់សមាជិកសមាជិកា និងភាគីពាក់ព័ន្ធមួយចំនួនទៀតរួមមាន APHEDA, EURO-CHAM, និងCARE ។
កិច្ចប្រជុំបានបង្ហាញពីរបាយការណ៍សមិទ្ធផលសកម្មភាពរបស់គម្រោងឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣ ការចែករំលែកពីការអនុវត្តកម្មវិធីស្តីពីសុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការក្នុងវិស័យសំណង់ វឌ្ឍនភាពលើការរៀបចំ និងអនុម័តឯកសារ បទដ្ឋានគតិយុត្តផ្សេងៗស្តីពីសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០២២ និង២០២៣ រួមមាន៖
-ច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពការងារសម្រាប់ប្រទេសកម្ពុជា
-គោលនយោបាយស្តីពីសុខភាព និងសុវត្ថិភាពការងារសម្រាប់ប្រទេសកម្ពុជា
-ផែនការមេលើកទី៣ ស្តីពីសុខភាព និងសុវត្ថិភាពការងារ
-បច្ចុប្បន្នភាពសមាសភាពសមាជិក សមាជិកា គណៈកម្មាការថ្នាក់ជាតិស្តីពីសុខភាព និងសុវត្ថិភាពការងារត្រីភាគី ដែលបានកែសម្រួល៕