(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុប១៨ ២៥៥ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅស្រុកអង្គស្នួល ខេត្តកណ្តាល នេះ ចំនួន ៣ដង រួចមកហើយ ដែលលើកទី១ កាលពីថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២៧ ៤២៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៨, លើកទី២ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២៧ ៥២៩នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ២៥ និងលើកទី៣ កាលពីថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានកម្មករនិយោជិតចូលរួមចំនួន ១១ ២២៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៣៤។ ថ្ងៃនេះ ជាលើកទី៤ ដែល សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុប ចំនួន ១៨ ២៥៥ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
រោងចក្រ សហគ្រាស ចំនួន ១១ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៤, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣, បោះពុម្ពលើសម្លៀកបំពាក់ ចំនួន ២ និងដេរស្បែកជើង ចំនួន ២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា សហគមន៍ អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសចិន ប្រទេសអូស្រ្តាលី ។ល។
គួរបញ្ជាក់ថា នៅខេត្តកណ្តាល ឆ្នាំ២០២៣ មាន រោងចក្រ សហគ្រាស ចំនួន ៤៨៣ មានកម្មករនិយោជិតប្រមាណជាង ១៥ម៉ឺន ៣ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ៤៧៣លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះ រោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន ១៧១ មានកម្មករនិយោជិតសរុបជាង ១៣ម៉ឺន ៣ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ៤១២លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស វិស័យកាត់ដេរច្រើន៕