(ភ្នំពេញ)៖ ក្នុងអំឡុងពេលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Folakemi I. Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។
ឯកឧត្តមបណ្ឌិត អុិត សំហេង បានបង្ហាញសេចក្តីរីករាយដែលបានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីធ្វើការ ពិភាក្សាស្វែងយល់អំពីវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ។ ព្រមជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះអាណត្តិការទូតរបស់លោកជំទាវនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលអាចឲ្យប្រទេសទាំងពីរទទួលបានទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក ខណៈពេលដែលពិភពលោកកំពុងមានការប្រកួតប្រជែង និងការរាតត្បាតនូវជំងឺផ្សេងៗ។
លោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា លោកជំទាវពេញចិត្តនឹងបំពេញបេសកម្មការជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដើម្បីអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព ឲ្យកាន់តែប្រសើរ។ លោកជំទាវ បានកត់សម្គាល់ឃើញថា នៅរាជធានីភ្នំពេញ មានអាគារខ្ពស់ៗយ៉ាងច្រើន ដែលបញ្ជាក់ពីសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាមានភាពរីកចម្រើន។
ឯកឧត្តមបណ្ឌិត អុិត សំហេង បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីចំណុចសំខាន់ៗមួយចំនួននៃវឌ្ឍនភាពលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកម្ពុជាកំពុងអនុវត្តន រួមមាន៖ ការលើកកម្ពស់លក្ខខណ្ឌការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការរក្សា និងបង្កើនមុខរបរនិងការងារនៅក្នុង និងក្រៅប្រទេស, ការអភិវឌ្ឍរបបសន្តិសុខសង្គម និងការពង្រឹងសេវាគាំទ្រទូទៅ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឲ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគមកធ្វើការបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាស ផ្តល់ការងារធ្វើសម្រាប់ពលរដ្ឋឲ្យមានជីវភាពធូរធារជាលំដាប់។
កម្ពុជាបានអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មអន្តរជាតិជាមួយលក្ខខណ្ឌការងារ តាមរយៈគម្រោង ILO-BFC, កម្មវិធីការងារសមរម្យនៅកម្ពុជា, កម្មវិធីសង្គម, និងបទដ្ឋានការងារនៃវិស័យកាត់ដេរ និងវាយនភណ្ឌក្នុងតំបន់អាស៊ី, និងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល។ ចំណែកប្រាក់ឈ្នួលអប្បរមាត្រូវបានតម្លើងជារៀងរាល់ឆ្នាំ តាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី។ ក្នុងឆ្នាំ២០២២ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតវិស័យកាត់ដេរ គឺ ១៩៤ដុល្លារអាមេរិក/ខែ រីឯអត្រាអ្នកអត់ការងារធ្វើរង្វង់តែ ០.៣%។
ជាចុងក្រោយ ភាគីទាំងពីរបានបង្ហាញការពេញចិត្ត និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនាពេលកន្លងមក ព្រមទាំងឯកភាពឱ្យមានការធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងកម្រិតថា្នក់រដ្ឋមន្រ្តី និងថ្នាក់មន្រ្តីបច្ចេកទេស នាពេលអនាគត៕