(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ស៊ីលខឹ រើហ្វើ (Silke Röfer) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បន្ទាប់ពីលោកជំទាវទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ គឺដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលកំពុងបន្តក្នុងវិស័យការងារ សន្តិសុខសង្គម និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងកំណត់វិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។
ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ ស៊ីលខឹ រើហ្វើ ឯកឧត្តមរដ្ឋមន្រ្តីបានអបអរសាទរ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររយៈពេលយូរអង្វែងរបស់អាល្លឺម៉ង់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ជាពិសេសលើវិស័យ TVET ការលើកកម្ពស់ការងារ កិច្ចគាំពារសង្គម និងការកែលម្អស្តង់ដាការងារ ការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ននៅកម្ពុជា តាមរយៈក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍនិងអង្គការ GIZ ។ បន្ថែមពីនេះ ជំនួបនេះនឹងផ្តល់នូវឱកាសដ៏មានតម្លៃក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ ជាពិសេសក្នុងវិស័យការងារ សន្តិសុខសង្គម និង TVET ។
ឯកឧត្ដម ហេង សួរ បានលើកឡើងពីគាំទ្រជាបន្តបន្ទាប់របស់អាល្លឺម៉ង់ តាមរយៈកម្មវិធី GIZ FABRIC ក្នុងការកែលម្អស្តង់ដាការងារ ពង្រឹងសមត្ថភាពអធិការកិច្ចការងារ និងលើកកម្ពស់ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងចីរភាពក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ ឯកឧត្តមក៏បានបង្ហាញពីគោលបំណងនៃការពង្រីកកិច្ចសហប្រតិបត្តិការលើការសម្របសម្រួលបង្កើតឱកាសការងារនៅអាល្លឺម៉ង់សម្រាប់ពលករជំនាញកម្ពុជាក្នុងវិស័យជាក់លាក់ណាមួយ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET ជាដើម។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីការគាំទ្ររបស់អាល្លឺម៉ង់ក្នុងការជំរុញគំនិតផ្តួចផ្តើមរបស់កម្ពុជាឱ្យមានការរៀបចំវេទិកា OECD នៅកម្ពុជា នៅក្នុងខែមេសា ឆ្នាំ២០២៧ ដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផ្គត់ផ្គង់ដំបូងគេដែលរៀបចំវេទិកានេះនៅក្រៅទីផ្សារអ្នកប្រើប្រាស់។ វេទិកានេះរំពឹងថានឹងមានការចូលរួមពីម៉ាកអាល្លឺម៉ង់ អ្នកជំនាញ តំណាងរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់របស់អង្គការ OECD។ ឯកឧត្តមក៏បានស្នើសុំការគាំទ្រពីភាគីអាល្លឺម៉ង់ក្នុងការចូលរួម និងរៀបចំវេទិកានេះផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់ និងគាំទ្រលោកជំទាវឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូត ដោយឯកឧត្តមជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពដ៏យូរអង្វែងប្រកបដោយផ្លែផ្ការវាងភាគីទាំងពីរនឹងបន្តរីកចម្រើនបន្ថែមទៀតក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ ជាពិសេសក្នុងវិស័យការងារ សន្តិសុខសង្គម និង TVET ។
ជាការឆ្លើយតប លោកជំទាវ ស៊ីលខឹ រើហ្វើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្តៅនៅក្នុងកិច្ចពិភាក្សាដ៏មានតម្លៃនេះ។ លោកជំទាវក៏បានអបអរសាទរកម្ពុជា និងបង្ហាញការប្តេជ្ញាចិត្តក្នុងការគាំទ្រក្នុងការរៀបចំវេទិកា OECD ព្រមទាំងបានប្តេជ្ញាចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងអាណត្តិរបស់លោកជំទាវ តាមរយៈជំរុញឱ្យមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់មកបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕



#MLVT #HENGSour
English