Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ-អង្គការអុកស្វាម ចាប់ដៃគ្នាលើកកម្ពស់ការងារសមរម្យ សេដ្ឋកិច្ចស្រ្តី និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែទូលំទូលាយ

 Friday, 26 June 2026 22:47  |    Written by MLVT  |  143 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ-អង្គការអុកស្វាម ចាប់ដៃគ្នាលើកកម្ពស់ការងារសមរម្យ សេដ្ឋកិច្ចស្រ្តី និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែទូលំទូលាយ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោកស្រី ភាណ សុភ័ណ្ឌ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអុកស្វាមនៅកម្ពុជា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ MoU នេះមានគោលបំណងលើកកម្ពស់ការងារសមរម្យ ពង្រឹងប្រព័ន្ធគាំពារសង្គម ពង្រីកវិសាលភាពគាំពារសង្គម និងលើកកម្ពស់សេដ្ឋកិច្ចរបស់ស្រ្តី តាមរយៈការកសាងសហគ្រិនភាព សំដៅជំរុញអន្តរកាលយុត្តិធម៌ ជាពិសេសសម្រាប់ស្ត្រី យុវជន និងក្រុមងាយរងគ្រោះ។

 

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី ភាណ សុភ័ណ្ឌ និងអង្គការ សមាគមជាដៃគូ ព្រមទាំងបានថ្លែងអំណរគុណចំពោះអង្គការអុកស្វាម (Oxfam) ដែលជួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងធនធានបច្ចេកទេសដល់ដៃគូផ្សេងៗដែលធ្វើការពាក់ព័ន្ធនឹងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអុកស្វាម ជាពិសេសក្នុងវិស័យបេឡាជាតិសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយជំនួបនាពេលនេះ គឺជាឱកាសដ៏មានតម្លៃបន្ថែមទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលជាក់ស្តែងគឺការចុះហត្ថលេខាលើ MoU នេះ។ 

ឯកឧត្តមបានលើកឡើងថា ជាមួយនឹងភាពជាដៃគូជាមួយកម្ពុជាជាយូរមកហើយ អង្គការ Oxfam នាដំណាក់កាលចុងក្រោយនេះផ្តោតលើផ្នែកគាំពារសង្គម អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្រ្តី និងលក្ខខណ្ឌការងារ ដែលជាប់ពាក់ព័ន្ធនឹងក្រសួងការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការពេញចិត្តនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះ MoU នេះ ដែលពិតជាការណ៍មួយដ៏ល្អ ដើម្បីបើកផ្លូវធ្វើជាដៃគូពិភាក្សាបន្ថែមទៀតក្នុងការគាំទ្រគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ និងចក្ខុវិស័យរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការពង្រីកវិសាលភាពរបបសន្តិសុខសង្គមដោយផ្អែកលើគោលការណ៍សមភាព និងសមធម៌ ដើម្បីធានាតម្លាភាព និងនិរន្តរភាព។ 

 

ឯកឧត្តម ហេង សួរ ក៏បានលើកឡើងពីវិធីសាស្រ្តក្នុងការជួយប្រែក្លាយបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធផងដែរ ដើម្បីឱ្យទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម ដូចជា ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ ឯកឧត្តមក៏បានបញ្ជាក់ពីការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ Oxfam ក្នុងការអនុវត្តកម្មវិធី និងគម្រោងផ្សេងៗពាក់ព័ន្ធនឹងការងារ សន្តិសុខសង្គម និងការអភិវឌ្ឍជំនាញ ផ្តល់ការសម្របសម្រួលផ្នែកបច្ចេកទេស និងផ្សារភ្ជាប់ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តសកម្មភាពរួម ព្រមទាំងចែករំលែកព័ត៌មានផ្សេងៗដើម្បីគាំទ្រការរៀបចំ និងអនុវត្តកម្មវិធីឱ្យស្របតាមតម្រូវការជាក់ស្តែង។

 

ជាការឆ្លើយតប លោកស្រី ភាណ សុភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងដែលបន្តគាំទ្រ និងចូលរួមកម្មវិធីផ្សេងៗរបស់អង្គការអុកស្វាមក្នុងការលើកស្ទួយកិច្ចគាំពារសង្គម និងសិទ្ធិកម្មករនិយោជិត ហើយការពង្រីកកិច្ចសហប្រតិបត្តិការនាពេលនេះ គឺជាការចាប់ដៃគ្នាជាធ្លុងមួយ ដើម្បីចាប់ផ្តើមបើកផ្លូវបន្ថែមទៀតដែលអនុញ្ញាតឱ្យមានការពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពទៅតាមការវិវត្តរបស់សង្គម។ ជាមួយនឹងតួនាទីយ៉ាងសំខាន់ក្នុងការជំរុញប្រព័ន្ធគាំពារសង្គម និងការបង្កើតគោលនយោបាយហិរញ្ញវត្ថុប្រកបដោយសមធម៌ ដើម្បីធានាថាប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករនិយោជិត ទទួលបានប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារសមរម្យ លោកស្រីសង្ឃឹមថា ភាពជាដៃគូដ៏មានសារៈសំខាន់នេះនឹងចូលរួមលើកកម្ពស់សិទ្ធិកម្មករនិយោជិត ពង្រីកវិសាលភាពកិច្ចគាំពារសង្គម និងសិទ្ធិអំណាចសេដ្ឋកិច្ចរបស់ស្រ្តីបន្ថែមទៀត។

ភាគីទាំងពីរបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ជំនួបពិភាក្សាដ៏មានតម្លៃនេះនឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏ចាំបាច់ និងការឈ្វេងយល់ពីគ្នាកាន់តែស៊ីជម្រៅសម្រាប់អនុវត្តកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីជាអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ស្រ្តី និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបើកឱកាសឱ្យភាគីទាំងពីរមើលឃើញកិច្ចសហការគ្នានាពេលអនាគតថែមទៀត។  

 

សូមបញ្ជាក់ថា វិសាលភាពនៃ MoU នេះផ្តោតសំខាន់ៗលើការកៀរគរធនធានគាំទ្រការអនុវត្ត ដើម្បីលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ និងគាំទ្រការសិក្សាស្រាវជ្រាវ ក្នុងទិសដៅលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គម  ការពង្រឹងសមត្ថភាពសហគ្រិនភាព ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងអភិវឌ្ឍបណ្តាញសហគ្រាសស្ត្រី គាំទ្រការផ្តល់ព័ត៌មានពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញ និងអត្ថប្រយោជន៍សន្តិសុខសង្គមជាដើម៕

#MLVT #HENGSour


Click to enlarge image o_1js2a0ldr1bk719ao1fmm15mj1edko.jpeg
Click to enlarge image o_1js2a0ldr1sblofvghd17dgoln.jpeg
Click to enlarge image o_1js2a0ldrepn15bn1n6ogl02m4p.jpeg
Click to enlarge image o_1js2a0lds1b80jll8eu1deckct.jpeg
Click to enlarge image o_1js2a0lds1gq4lg303klstcd13.jpeg
Click to enlarge image o_1js2a0lds1tjurm43st221d5u12.jpeg
Click to enlarge image o_1js2a0lds2bi1ggp8hl1p4b197rs.jpeg
Click to enlarge image o_1js2a0lds11r31bo879j5t5cm0u.jpeg
Click to enlarge image o_1js2a0lds18u21vfb162nutea1kq.jpeg
Click to enlarge image o_1js2a0lds102qs18186iqbesv9r.jpeg
Click to enlarge image o_1js2a0ldsc9rnde1kvj1uecndj10.jpeg
Click to enlarge image o_1js2a0ldskdm8881cuv8nn14eiv.jpeg
Click to enlarge image o_1js2a0ldsuk26st1lo51qg33pf11.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3696.html#sigProIdc9cfc4e9d2

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.