Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ប្រវត្តិសង្ខេបអំពី ក.ប.

 Wednesday, 04 September 2024 11:20  |    Written by MLVT  |  18488 times  |   Print  |   Email

 

ប្រវត្តិសង្ខេបក្រសួងទទួលបន្ទុកវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

១.

ដំណាក់កាលពីឆ្នាំ១៩២៧ ដល់ឆ្នាំ១៩៥៣

 
  • អធិការដ្ឋាន​ការ​ងារ​​​​អាណានិគម ត្រូវបាន​បង្កើត​ឡើង​ដំបូង​នៅឆ្នាំ១៩១៨ តាមរយៈ​ការបង្កើត​អគ្គលេខា​ធិ​ការដ្ឋាន​ត្រួត​មើលពលកម្ម និង​អាណានិគម តាម​អនុក្រឹត្យ​ចុះថ្ងៃទី​១ ខែមករា ឆ្នាំ​១៩១៨ ​ហើយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​១៩១៨ អធិការដ្ឋាន​ការងារ​នៅកូសាំងស៊ីន ត្រូវបាន​បង្កើត​ឡើង​។

  • នៅ​ឆ្នាំ​​១៩២៦ ទើប​មាន​ការ​បង្កើត​​អធិការដ្ឋាន​ការ​ងារមួយ​នៅ​​តុងកឹង តាមអនុ​​ក្រឹត្យ​​ចុះថ្ងៃទី​​៣០ ខែមេសា ឆ្នាំ​១៩២​៦ និង​អធិការដ្ឋាន​​ការងារមួយនៅអណ្ណាម តាមអនុក្រឹត្យ​​ចុះថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​១៩២៧ ក្រោយ​មក​​ទើប​មានការ​​បង្កើតអគ្គ​អធិការដ្ឋាន​ការងារឥណ្ឌូចិន ​នៅ​អម​​​​​អគ្គ​ទេសាភិបាល​ឥណ្ឌូចិន តាមអនុ​ក្រឹត្យ​​ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​១៩២៧ ដើម្បី​ពិនិត្យ​​​មើល​អធិការដ្ឋានការងារទាំង​អស់​តាម​ដែនដីនីមួយៗក្នុង​តំបន់​ឥណ្ឌូចិន ដោយ​​លុបចោលនូវ​អគ្គលេខា​ធិការ​ដ្ឋាន​ត្រួត​មើល​ពលកម្ម និង​អាណានិគម ដែល​បាន​បង្កើតនៅឆ្នាំ​១៩១​៨​។
  • នៅកម្ពុជា​អធិ​ការ​ដ្ឋាន​ការងារ​ ត្រូវបាន​បង្កើត​ឡើងតាម​ក្រឹត្យ​ចុះ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​១៩២៧​ ដែល​ស្ថិតក្រោម​ឱវាទ​រ៉េស៊ីដង់ស៊ុបពើរីយើនៅកម្ពុជា​ ​ពេលនោះ លោក Patry ត្រូវ​បាន​តែងតាំង​ជា​អធិការ នៃអធិការដ្ឋាន​ការងារ​ដំបូងគេបំផុតនៅកម្ពុជា បន្ថែម​លើ​មុខងារជាអធិ​ការ​ទទួលបន្ទុក​ការងារ​នយោបាយ និង​រដ្ឋបាល​សម្រាប់​ប្រទេសកម្ពុជា តាមអនុ​ក្រឹត្យ​ចុះថ្ងៃទី​២៥ ខែតុលា ឆ្នាំ​១៩២៧។ អធិការដ្ឋានការងារនេះ មានតួនាទី​ក្នុង​​ការពិនិត្យមើល ​ការអនុវត្ត​នូវ​លក្ខខណ្ឌ​ការងារទាំងឡាយ ដែលមានចែងក្នុង​អនុក្រឹត្យចុះថ្ងៃទី​២៥ ខែតុលា ឆ្នាំ​១៩២៧ ព្រមទាំងបទប្បញ្ញត្តិប្រទាក់ប្រទងនឹងការងារ​ដែលមានអនុវត្តក្នុង​តំបន់ឥណ្ឌូចិន។

  • នៅចន្លោះឆ្នាំ១៩៣៦-១៩៤៨ បទប្បញ្ញត្តិពាក់ព័ន្ធនឹង​វិស័យ​ការងារ​នៅតំបន់​​ឥណ្ឌូចិន និង​កម្ពុជា​ក៏ត្រូវបាន​រៀបចំ​ជាបន្ទប់​ ដូចជា៖

    • ​ក្រឹត្យ​របស់​អគ្គទេសាភិបាលឥណ្ឌូចិន ចុះថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ១៩៣៦ ស្តីពី​សៀវភៅការងារកម្មករ

    • ក្រឹត្យ​ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ​១៩៣៦ ស្តីពី​ការផ្តល់បន្ថែម​​​នូវរបប​​អាហារ សម្លៀកបំពាក់ និង​​ការថែទាំសម្រាប់អ្នកធ្វើការ​កាត់ជំពាក់​ ដែល​មាន​ប្រាក់ឈ្នួលតិច

    • ក្រឹត្យចុះ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​១៩៣៦ អនុវត្ត​​ចំពោះ​ប្រជាជនឥណ្ឌូចិន និង​អ្នកមាន​បុព្វសិទ្ធិដូចគ្នា

    • ក្រឹត្យ​ចុះថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​១៩៣៧ អនុវត្ត​ចំពោះ​ប្រជាជនអឺរ៉ុប និង​អ្នកមាន​​បុព្វសិទ្ធិដូចគ្នា

    • ព្រះរាជក្រម​​លេខ៨៤ នស ចុះថ្ងៃទី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​១៩៣៨ ពង្រីក​​វិសាលភាព​​នៃការអនុវត្ត​ក្រឹត្យ​ឆ្នាំ១៩៣៧ ដល់អាណិកជនខ្មែរ

    • ព្រះរាជក្រឹត្យលេខ៤ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ​១៩៣៧ ស្តីពីការ​ដាក់ឱ្យ​អនុវត្ត​​ចំពោះកម្មករនិយោជិតខ្មែរ​នូវ​អត្ថបទស្តីពីការ​ផ្សះផ្សា និង​ដោះស្រាយ​វិវាទ​ការងារ

    • ព្រះរាជក្រឹត្យលេខ​៧៤ ចុះថ្ងៃទី២២ ខែមេសា​ ឆ្នាំ​១៩៣៧​ ស្តីពីវាទបទបញ្ជានៃសៀវ​ភៅ​កម្មករមកដល់​ជនជាតិខ្មែរ

    • ក្រឹត្យរបស់អគ្គទេសាភិបាលឥណ្ឌូចិន លេខ២៨៧ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៣៧ ស្តីពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំនៃកម្មករ និងនិយោជិតជាតិឥណ្ឌូចិន

    • ក្រឹត្យរបស់អគ្គទេសាភិបាលឥណ្ឌូចិន ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤៤ ស្តីពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំនៃកម្មករ និងនិយោជិតជាតិអឺរ៉ុប។

    • ព្រះរាជក្រមលេខ១២៣ ន.ស ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ​១៩៤៤ និរាករ​ណ៍​ព្រះរាជប្រកា​ស​​ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​១៨៩៧ និង​ ថ្ងៃទី១៩ ខែសីហា ឆ្នាំ​១៩៣​៦

    • ក្រឹត្យរបស់ស្នងការជាន់ខ្ពស់បារាំងនៅឥណ្ឌូចិន លេខ២៧២-៣៣៨៦ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៤៨ កំណត់បណ្តោះអាសន្នវិធីឈប់សម្រាកប្រចាំឆ្នាំនៃអ្នកស៊ីឈ្នួលជាតិអឺរ៉ុប និងអ្នកមានបុព្វសិទ្ធិដូចគ្នា។

  • ​​នៅឆ្នាំ​១៩៤៦ មាន​គណបក្ស​នយោបាយ​ចាប់ផ្តើម​បង្កើតឡើង ដើម្បីចូលរួម​ការ​បោះ​​ឆ្នោ​​ត​ជ្រើសរើសរដ្ឋសភា ដែល​បាន​ប្រព្រឹត្តទៅនៅខែកញ្ញា ហើយ​រាជរដ្ឋា​ភិបាល​នៃរបបរាជាធិបតេយ្យ​អាស្រ័យសភា​នៃ​ប្រទេសកម្ពុជាដំបូង​បំផុត ​ក៏ត្រូវបាន​បង្កើតឡើង ដឹកនាំដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស (១៥/១២/១៩៤៦ ដល់ ២៤/៧/១៩​៤៧)។

  • ព្រះរាជក្រម​លេខ៣៧៥ ន.ស. ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤៧ ស្តីពី​រជ្ជវាសី​​នៃការ​វាទ​នីតិក្រម​ការងារបារាំង គឺជាច្បាប់​​​មូលដ្ឋាន​មួយ​សម្រាប់​បទប្បញ្ញត្តិពាក់ព័ន្ធ​វិស័យ​​ការងារ​ ដោយ​បាន​​កំណត់ក្នុង​មាត្រា១​ ថា «នីតិក្រម​ការងារបារាំង ដែលកំពុងអនុវត្តនៅក្នុង​ប្រទេសកម្ពុជា ត្រូវបានប្រើ​ប្រាស់​​​​ជាបណ្តោះអាសន្ន រហូត​ដល់មាន​បទប្បញ្ញ​ត្តិ​ការងារថ្មីមកជំនួស»។ តាមព្រះ​រាជក្រម​​​​នេះ រាល់បទប្បញ្ញត្តិនៃ​នីតិក្រម​បារាំង ត្រូវបាន​យក​ទៅអនុវត្ត​ចំពោះជនជាតិខ្មែរ។

  • នៅ​ឆ្នាំ​១៩៤៧ ក្នុងរាជរដ្ឋាភិបាលរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស (២៥/៧/១៩៤៧ ដល់ ២០​/​២/១៩៤៨) ​មានការ​បង្កើត​ អធិការដ្ឋានការងារខ្មែរ និង​​ការិយាល័យ​សង្គមកិច្ច​ ដែ​លពេលនោះអង្គភាព​ទាំងពីរនេះ​​​ស្ថិតនៅក្រោមឱវាទនៃក្រសួង​​​ព័ត៌មាន និង​សង្គមកិច្ច ដែលត្រូវ​បាន​បង្កើត​ឡើង​តាម​ព្រះរាជក្រម​លេខ​៣៧៨ ន.ស​ ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ​១៩៤៧ ដោយ​លុបចេញ​ក្រសួង​ព័ត៌មាន ឃោស​នាការ និងការ​បោះពុម្ពផ្សាយ ដែល​ត្រូវបាន​បង្កើត​ដោយ​ព្រះរាជក្រម​ ចុះថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​​១៩៤៧។​

  • នៅ​ឆ្នាំ​១៩៤៨ ក្រសួងសុខាភិបាល ​ត្រូវ​បាន​បង្កើត​ឡើង​តាម​ព្រះរាជក្រមលេខ២០ន.ស ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​១៩៤៨។

  • នៅ​​ឆ្នាំ​១៩៤​៩ ព្រះរាជក្រឹត្យលេខ៨៨ ន.ស នេះ ត្រូវ​​និរាករណ៍ ហើយ​ជំនួស​ដោយ​ព្រះរាជ​ក្រឹត្យ​​​​​លេខ១៤២ ន.ស ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ​១៩៤៩ ដោយ​ពេលនោះមានការ​ច្របាច់បញ្ចូល​វិស័យ​សុខាភិបាល វិស័យ​​សង្គ​មកិច្ច រួមទាំងវិស័យ​ការងារ ឱ្យ​នៅក្រោម​ឱវាទក្រសួង​​សុខា​ភិបាល និង​សង្គមកិច្ច​​។

  • រហូត​ដល់​ឆ្នាំ​​១៩៥​១​ ក្រោ​យ​​ការ​ចុះហត្ថលេខា​​លើ​សន្ធិសញ្ញា​​​បារាំ​ង-ខ្មែរ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩ ដែល​លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ថ្ងៃទី១១ ខែសីហា ​ឆ្នាំ​១៨៦៣ និងអនុសញ្ញាថ្ងៃទី១៨ ខែមិថុនា ​ឆ្នាំ​១៨៨៤ ​​ប្រទេ​ស​បារាំងបាន​ព្រម​ទទួ​ល​​ស្គាល់​​តាម​ផ្លូវច្បាប់​ ព្រះរាជាណាចក្រកម្ពុជា​ជារដ្ឋឯករាជ្យមួយ​ស្ថិតក្នុងសហព័ន្ធឥណ្ឌូ​ចិនបារាំង​។​ ដោយ​អនុវត្ត​តាម​មាត្រា​២ នៃអនុសញ្ញា​នេះ អធិការដ្ឋានការងារ​បារាំង​ក៏​ត្រូវ​បាន​ផ្ទេរមក​ឱ្យ​សមត្ថកិច្ចនៃរដ្ឋាភិបាល​ខ្មែរ​នាពេល​នោះ ហើយ​ក្រសួង​សង្គមកិច្ច និង​ការងារ ក៏​ត្រូវ​បាន​បង្កើត​ឡើងតាម​ព្រះរាជក្រឹត្យលេខ១៦៨ ន.ស ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ​១៩៥​១​។ ​

  • ក្រសួងទទួលបន្ទុកវិស័យការងារ​ ត្រូវបាន​បង្កើត​ឡើង​ជាផ្លូវការដំបូងដោ​យ​​មាន​ឈ្មោះថា ​ក្រសួងសុខាភិបាល ការងារ និង​​សង្គមកិច្ច តាម​ព្រះរាជក្រឹត្យ​លេខ១៦៨ ន.ស ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ​១៩៥​១ ទទួលបន្ទុកលើ​​វិស័យ​​ចំនួន​៣គឺ វិស័យ​សុខាភិបាល​ វិស័យ​សង្គម​កិច្ច និង​វិស័យ​ការងារ ។

២.

ដំណាក់កាលចាប់ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០

 
  • នៅឆ្នាំ​១៩៥​៧ ​មាន​ការរើ​រៀបចំ​បន្ថែមនូវ​ក្រសួង​សង្គមកិច្ច និងការ​ងារ​ ដោយ​​និរាករណ៍បញ្ញត្តិនៃប្រកា​រ ១, ៨, ៩, ១០, ១១, និង១២ នៃ​ព្រះរាជក្រឹត្យលេខ១៦៨ ​ន.ស. ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ​១៩៥១ តាម​​ព្រះរាជ​​ក្រឹត្យ​លេខ៦៥១ ន.ស ចុះថ្ងៃទី២៦ ខែ​ធ្នូ ឆ្នាំ​១៩៥៧​​ ស្តីពី​ការ​បង្កើត​ក្រសួង​សង្គមកិច្ច និងការ​ងារ ។

  • នៅឆ្នាំ​១៩៦១ ​មាន​កែ​សម្រួលឡើងវិញ​នូវរចនាសម្ព័ន្ធ​របស់​ក្រសួងសង្គមកិច្ច និងការងារជាថ្មីម្តងទៀត​ តាមព្រះរាជក្រឹត្យចំនួនបួនរួមមាន ​ព្រះរាជក្រឹត្យលេខ៦៣ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ​១៩៦១ ស្តីពីការរើរៀ​ប​ចំ​​​ឡើងវិញ​នៃក្រសួង​​សង្គមកិច្ច និងការងារ, ព្រះរាជក្រឹត្យលេខ៦៤ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ​១៩៦១ ស្តីពី​​​ការ​រើរៀបចំ​ឡើងវិញនៃ​អធិការដ្ឋាន​សង្គមកិច្ច, ព្រះរាជក្រឹត្យលេខ៦៥ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ​១៩៦១ ស្តីពីការ​រើរៀបចំឡើងវិញ​នៃអគ្គាធិការដ្ឋាន​ការងារ និងព្រះរាជក្រឹត្យ​លេខ៦៦ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ​១៩៦១ ស្តីពីការ​រើរៀបចំឡើងវិញនៃ​អធិការដ្ឋាន​កសិដ្ឋាន។

  • ឆ្នាំ១៩៦៨ ទើប​មាន​ការ​រើកែសម្រួល​រចនា​​​សម្ព័ន្ធគ្រប់គ្រង​របស់ក្រសួង ​​សង្គមកិច្ច និងការងារ ម្តងទៀត តាម​ក្រឹត្យ​ច្បាប់​លេខ៤៩១/៦៨-ប.រ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ​១៩៦៨ ស្តីពីការ​រៀបចំ​ជាថ្មីនៃ​ក្រសួ​ង​​​សង្គមកិច្ច និងការងារ និង​ក្រុម​ដែលនៅក្រោម​ឱវាទ ដោ​យ​​​និរាករណ៍​​នូវ​បទប្បញ្ញត្តិនៃព្រះរាជក្រឹត្យលេ​ខ៦៣, ៦៤, ៦៥, ៦៦ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ​១៩៦​១ ដោ​យ ក្រសួង​សង្គមកិច្ច និងការងារមានភារកិច្ចទ​ទួលខុស​ត្រូវ​ខាងបញ្ហា​ការងារ អាជីវពលកម្ម និង​កិច្ចការ​​សង្គម​។

៣.

ដំណាក់កាលចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩

 
  • របបសាធារណរដ្ឋខ្មែរ បានចូលជាសមាជិកអង្គការអន្តរជាតិខាងការងារតាមក្រមលេខ៤៦៧/៧១ ប.រ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៧១ ដោយគិតចាប់​ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩។

  • របបសាធារណរដ្ឋខ្មែរ​ បាន​​​រៀបចំ​ឡើង​វិញ​​​​នូវ​រចនាសម្ព័ន្ធ​រដ្ឋបាល​ការ​ងារ​ និងព្រមទាំងមាន​ការ​រៀបចំ​នូវ​សេចក្តីព្រាង​​ច្បាប់ការងារ​ថ្មី ដែល​ត្រូវ​បាន​ប្រកា​ស​​​ឱ្យ​ប្រើ​តាម ​​ក្រម​លេខ ២/៧២ នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ​១៩៧២ ប៉ុន្តែ​ច្បាប់ការងារថ្មីនេះ ពុំដែលត្រូវ​បាន​​អនុវត្ត​​នោះ​ទេ ​ដោ​យ​សារ​កត្តាសង្គ្រាមស៊ីវិល​។

  • តាម​ក្រឹត្យលេខ៧០១/៧០ ប.រ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ​១៩៧០ ក្រសួ​ង​​​​សង្គម​​កិច្ច និងការងារ​ ត្រូវបាន​ប្តូរឈ្មោះ​ជា ក្រសួង​​សង្គមកិច្ច និងការងារ និង​មុខរបរ វិញ ដោយ​ក្រសួ​ង​​ថ្មី​​នេះ​​ទទួ​ល​បន្ទុក​ខាងបញ្ហា​សង្គមកិច្ច កិច្ចការការងារ និង​ហត្ថពលកម្ម ព្រម​ទាំង​បញ្ហា​ទាំង​ឡាយ ​ដែល​ប្រទា​ក់​​ប្រទងគ្នា។

  • ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ ក្នុង​រដ្ឋាភិបាល​សម្តេច​ ប៉ែន នុត (ថ្ងៃទី១៧ ខែមេសា ១៩៧​៥ ដល់​ថ្ងៃទី១៤ ខែមេសា ១៩៧៦ និង​រដ្ឋាភិបាល​ ប៉ុល ពត (១៤ មេសា ១៩៧៦ ដល់ ៦ មករា ១៩៧៩) ពុំមាន​បង្កើ​ត​​ក្រសួង​ទទួ​ល​បន្ទុក​វិស័យ​ការងារ​ទេ។

៤.

ដំណាក់កាលចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣

 
  • ក្រោយការ​​រំដោះពីរបបប្រល័យ​ពូជសាសន៍ខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ១៩៧៩ ​ក្រុមប្រឹក្សា​ប្រជាជនបដិវត្ដន៍កម្ពុជា បានបង្កើ​ត​ “គណៈកម្មាធិការ​​សង្គមកិច្ច” នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៧៩ ថ្នាក់​ស្មើក្រសួង​ ដឹកនាំដោយ លោក នៅ សាមុំ ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​សង្គម​កិច្ច គឺយុទ្ធជនពិការ និង​កុមារកំព្រា ស្ត្រី​មេម៉ាយ និង​ចាស់ជរា ដែល​បន្សល់ទុក​ពីរបប​​ខ្មែរ​ក្រហម​។

  • រហូតដល់ ឆ្នាំ១៩៨​៥​ គណៈកម្មាធិការ​​សង្គមកិច្ច ត្រូវបានប្ដូរ និង​បង្កើត​ជា ក្រសួង​យុទ្ធជន​ពិការ-សង្គមកិច្ច តាម​​ក្រឹត្យច្បាប់លេខ១៩ ក្រ.ច ថ្ងៃទី៥ ខែមីនា ឆ្នាំ​១៩៨៥ ដែលមាន លោក​ ម៉ម សាប៊ុន ជារដ្ឋមន្ដ្រី​ ហើយ​រហូត​ដល់ឆ្នាំ​១៩៨៨ ទើប​មាន​ការ​ផ្ទេរភារកិច្ច​ លោក កុយ ប៊ុនថា មកជារដ្ឋមន្ត្រីក្រសួង​យុទ្ធជនពិការ-សង្គមកិច្ច ​វិញ តាម​ក្រឹត្យ​លេខ៤៦ ក្រ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ​១៩៨៨​។

  • តួនាទីភារកិច្ច និង​រចនាសម្ព័ន្ធ​​ចាត់តាំងរបស់ក្រសួង​យុទ្ធជនពិការ-សង្គម​​​កិច្ច ត្រូវ​កំណត់ដោយ​អនុក្រឹត្យលេខ១៩ អនក្រ ចុះ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ​១៩៨៥ ដែល​មាន​រចនា​សម្ព័ន្ធ​តាំងពីថ្នាក់មជ្ឈិម រហូត​ដល់​ខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ ឃុំ។

  • នៅឆ្នាំ​១៩៨៧ មាន​ការ​រើ​រៀបចំ​ឡើង​​វិញ​នូវ​រចនាសម្ព័ន្ធ​ក្រសួង​យុទ្ធជន​ពិការ និង​សង្គមកិច្ច តាមសេចក្តីសម្រេច​លេខ១០.៨៧​ យស.ចត ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ​១៩៨៧ ស្តីពី​ការ​បង្កើត​​ការិយាល័យ​ចំណុះនាយកដ្ឋាន ​​ក្រោមឱវាទ​ក្រសួង​យុទ្ធជនពិការ និង​សង្គម​កិច្ច ក្រសួង​នេះមាន​ការ​បង្កើត​ការិយា​ល័យ​​សរុប​ចំនួន ១៥ ក្នុង​នោះ​ចំណុះឱ្យ​មន្ទីរ ចំនួន ៣ ​ការិយាល័យ និងចំណុះឱ្យ​ថ្នាក់នាយកដ្ឋាន​ ចំនួន ១២ មាន​ នាយកដ្ឋានចាត់​តាំង, នាយកដ្ឋាន​​ផែនការ ហិរញ្ញវត្ថុ, នាយកដ្ឋាន​យុទ្ធជន​ពិការ, នាយកដ្ឋាន​​ចូលនិវត្តន៍សង្គ្រោះសង្គម និងនាយកដ្ឋាន​សម្រួ​ល​រាងកាយស្តារលទ្ធភាព​​ពលកម្ម។

  • ក្រោយកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្រសួងយុទ្ធជន​ពិការ-សង្គមកិច្ច ត្រូវបានប្តូរ និងបង្កើតទៅជា ក្រសួងការងារ និង​សង្គមកិច្ច​ តាមច្បាប់ស្តីពី​ការ​កែ​ប្រែឈ្មោះ ការចាត់តាំង​តួនាទី និង​ភារកិច្ច​របស់ទីស្តី​ការ​​រដ្ឋមន្ត្រី​ក្រសួង​យុទ្ធជនពិការ-សង្គមកិច្ច ដែល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​នៅថ្ងៃទី៦ ខែមេសា និង​ត្រូវ​បាន​ប្រកាសឱ្យ​ប្រើ​ដោយ​ក្រឹត្យលេខ៥៣ ក្រ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៩​២ ដើម្បីទទួលបន្ទុ​កបន្ថែមនូវវិស័យការងារតាម​ច្បាប់ស្តីពីការងារ ដែលទើប​រៀប​ចំ​​​ថ្មី។

  • ច្បាប់ការងារ ឆ្នាំ១៩៩២ បានរៀបចំឡើងដោយនាយកដ្ឋាន​បៀវត្សពលកម្ម នៃក្រសួងផែនការ មិនមែនដោយក្រសួងយុទ្ធជនពិការ និងសង្គម​កិច្ចទេ និង​ត្រូវ​បាន​រដ្ឋសភាអនុម័ត​​នៅថ្ងៃទី១១ ខែសីហា ឆ្នាំ​១៩៩២ និងបានប្រកាសឱ្យ​ប្រើ​តាមក្រឹត្យ​លេខ៩៩ ក្រ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩២។

  • ក្រសួងការងារ និង​សង្គមកិច្ច​ ដែល​បានបង្កើតឡើងនាពេល​នោះ មាន លោក ដូ សូហាន់ ជារដ្ឋមន្ត្រី ដែលត្រូវតែង​​តាំ​ង​ដោយ​ក្រឹត្យលេខ ៦០ ក្រ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ​១៩៩២ និង​ក្រោយមកមាន​​​ការ​​តែងតាំង លោក ស៊ុយ សែម ពីអនុរដ្ឋមន្ត្រី ក្រសួង​ផែនការ មកជាអនុរដ្ឋមន្ត្រី​ក្រសួង​ការងារ និង​សង្គមកិច្ច តាមក្រឹត្យលេខ ៩៦ ក្រ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ​១៩៩២។​

  • ការ​រៀបចំ និងការ​ប្រព្រឹត្តទៅ​នៃ​ទីស្តីការ​ក្រសួង​ការងារ និង​សង្គមកិច្ច ត្រូវ​​កំណត់​ដោយ​អនុក្រឹត្យ​លេខ៤ អនក្រ. ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ​១៩៩៣។

 ៥.

 ដំណាក់កាលចាប់ពីឆ្នាំ១៩៩៣ មកទល់បច្ចុប្បន្ន

 
  • នៅក្រោយកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ​១៩៩១ ការបោះ​ឆ្នោតក្រោម​​​ការ​ចាត់ចែង​ដោយ អ៊ុន តាក់ ត្រូវបានរៀបចំឡើងពីថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣​។ នៅក្រោយ​ការ​បោះឆ្នោត​នេះ រដ្ឋាភិបាល​ជាតិ​​បណ្តោះ​អាសន្ននៃកម្ពុជា ​​ត្រូវ​បាន​បង្កើតឡើង​នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ​១៩៩៣ តាម​ក្រឹត្យចុះថ្ងៃទី​២ ខែកក្កដា ឆ្នាំ​១៩៩៣។

  • ការ​តែង​តាំង​សមាសភាព​រាជរដ្ឋាភិបាល នីតិកាលទី១ នៃ​រដ្ឋសភា បាន​ទទួល​សេច​ក្តីអនុម័តទុ​ក​ចិត្ត​​ពីរដ្ឋសភា ​នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៩៣ ហើយ​ត្រូវបាន​តែង​តាំង​ជាផ្លូវការ​​តាម ព្រះរាជក្រឹត្យ​​ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ដោយដំណាក់កាលនោះ ក្រសួង​សង្គមកិច្ច និងការងារ ​ត្រូវ​បាន​ច្របាច់បញ្ចូល​ជាមួយក្រសួង​អតីតយុទ្ធជន ​ដែល​មាន​ក្នុង​រដ្ឋាភិបាល​​បណ្តោះអាសន្ន ថ្ងៃទី១ ខែកក្កដា​ មកជា ក្រសួង​សង្គមកិច្ច ការងារ និងអតីតយុទ្ធជន ដែលក្រសួង​នេះ​ត្រូវ​​ដឹកនាំដោយរដ្ឋលេខាធិការមួយ​រូប​។

  • ច្បាប់ការងារឆ្នាំ​១៩៩២ ព្រមទាំង​ឯកសារ​​​ផ្សេងៗ​​ស្តីពីការងា​រ ត្រូវបាន​ក្រសួង​សង្គមកិច្ច ការងារ និង​អតីតយុទ្ធជន យកមក​ធ្វើជាមូលដ្ឋាន ​ដើម្បី​កែលម្អសារជាថ្មីឱ្យ​ស្រប​​​​តាម​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ដោយមាន​ការ​ជួយឧបត្ថម្ភពីអង្គការ​អន្តរជាតិខាងការ​ងារ (ILO) ជំនា​ញ​​ការក្រសួង​ការងារ​បារាំង វិទ្យាស្ថាន​ការងារ​សេរីអាម៉េរិកអាស៊ី (AAPLI) ហើយ​បាន​ប្រកាសឱ្យ​ប្រើ​​តាម​​ព្រះរាជក្រម​លេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៩៧ ក្រោម​ចំណងជើងថា ​​«ច្បាប់​ស្តីពី​ការងារ»។

  • ក្នុងឆ្នាំ​១៩៩៦ ទើបមាន​​ព្រះរាជក្រមលេខ នស/រកម/០១​៩​៦/១៧ ចុះ​ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតក្រសួង​សង្គមកិច្ច ការងារ និងអតីតយុទ្ធជន និងមានអនុក្រឹត្យលេខ​​៥៦ អនក្រ.បក ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩​៧ ស្តីពី​ការរៀបចំ និងប្រព្រឹត្តិ​ទៅរបស់ក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន។
  • ក្រោយ​ការ​បោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី២ ​នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​១៩៩៨ សមាស​ភាព​រាជរដ្ឋាភិបាលថ្មី ត្រូវបាន​​តែងតាំងតាមព្រះរាជក្រម​ លេខ​ នស​/​រក​​​ម/១១៩៨/៧២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​១៩៩៨ ក្រសួង​សង្គមកិច្ច ការងារ និងអតីតយុទ្ធជន ត្រូវ​បានប្តូរឈ្មោះ និង​បង្កើត​​ទៅជា ​ក្រសួង​​សង្គម​កិច្ច ការងារ បណ្តុះបណ្តាល​​​វិជ្ជាជីវៈ និង​យុវនីតិសម្បទា​។

  • រហូត​ដល់ឆ្នាំ​១៩៩៩ ទើប​មាន​ច្បាប់បង្កើត​ក្រសួង​​នេះ ​តាមរយៈព្រះរាជក្រម​​លេខ នស/រកម/០៦៩៩/០៦ ចុះ​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​១៩៩៩ ដែលមា​ន​​សមត្ថកិច្ច​ដឹក​នាំ និង​គ្រប់គ្រង​​វិស័យ​សង្គមកិច្ច វិស័យ​ការងារ វិស័យ​​បណ្តុះ​​​បណ្តាល​វិជ្ជាជីវៈ និង​​យុវ​នីតិ​សម្បទានៃ​ព្រះរាជាណាចក្រ​កម្ពុជា​​។ ចំណែក​ឯវិស័យ​​អតីតយុទ្ធជន ត្រូវ​បានបញ្ចូ​ល​​ទៅក្នុង​អតីតក្រសួង​កិច្ច​ការនារី ដោយ​បាន​ប្តូរ និង​បង្កើត​ជា​​ក្រសួង​កិច្ចការនារី និង​អតីតយុទ្ធជនវិញ។

  • ក្រោយការ​បង្កើត​ក្រសួង​នេះ រាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​១៩៩៨ បាន​ផ្ទេរទីស្តីការ រួមទាំង​ចលនទ្រព្យ និង​អចលនទ្រព្យ​​នៃអតីតក្រសួងសង្គមកិច្ច ការងារ និង​អតីតយុទ្ធជន ឱ្យ​មកស្ថិតក្រោម​ការគ្រប់គ្រង​របស់ក្រសួ​ង​​សង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង​យុវនីតិសម្បទា។ ក្របខណ្ឌ​មន្ត្រីរាជការ ក៏ត្រូវបាន​ផ្ទេរមកក្រសួ​ង​​បង្កើត​ថ្មីនេះដែរ លើ​ក​លែង​តែ​ក្របខណ្ឌ​មន្ត្រីរាជការ​​នៃ នាយកដ្ឋាន​សោធន អតីតយុទ្ធជន និង​នាយកដ្ឋាន​អភិវឌ្ឍន៍​អតីតយុទ្ធជន ព្រមទាំង​​ក្របខណ្ឌ​មន្ត្រីរាជការ​នៅអង្គភាពមូលដ្ឋាន ​ដែល​បម្រើការ​​ងារ​វិស័យ​អតីតយុទ្ធជនរបស់អតីតក្រសួង​សង្គមកិច្ច​ការងារ និង​អតីតយុទ្ធជន ដែលត្រូវផ្ទេរទៅក្រសួង​​កិច្ចការ​នារី និ​ងអតីតយុទ្ធជនដែលបានបង្កើតថ្មីវិញ។ រហូត​ដល់ឆ្នាំ១៩៩៩ រចនាសម្ព័ន្ធ​គ្រប់​គ្រង​របស់ក្រសួង​ក៏​ត្រូវបាន​រៀបចំ ​តាម​អនុក្រឹត្យលេខ៨៧ អនក្រ.បក ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ​១៩៩៩ ស្តីពីការ​រៀបចំ និង​ការ​​ប្រព្រឹត្តទៅ​របស់ក្រសួង​សង្គមកិច្ច ការ​ងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​យុវនីតិសម្បទា។

  • នៅ​ឆ្នាំ​២០០៥ ក្នុងរាជរដ្ឋាភិបាល​ នីតិកាល​ទី៣ នៃរដ្ឋសភា ​ក្រសួង​សង្គម​កិច្ច ការ​ងារ បណ្តុះបណ្តាល​​​​វិជ្ជាជីវៈ និង​យុវនីតិសម្បទា​ ក៏​ត្រូវ​បាន​កែសម្រួល និង​បង្កើត​ទៅជា ក្រសួ​ង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរយៈព្រះរាជក្រមលេខ នស/រកម/​០១០៥​/​០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០​០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ​បង្កើត​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​មានសមត្ថកិច្ច​ដឹកនាំ ​និង​គ្រប់គ្រង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​​​វិជ្ជាជីវៈនៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការ​បង្កើត​នូវ​ក្រសួង​ថ្មី​នេះ គឺដោយផ្អែកលើមូលដ្ឋាន នៃការកាត់​យក​វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពី​ក្រសួងសង្គមកិច្ច ការ​ងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និងយុវនីតិសម្បទា និងវិស័យអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ពីក្រសួ​ង​អប់រំ យុវជន និងកីឡា ដើម្បី​​ឱ្យ​ដើរស្រប​តាម​ដំណើរ​វិវដ្ដនៃ​សង្គម និង​សេដ្ឋកិច្ច​ជាតិ​នា​ពេល​នោះ​។

  • រចនាសម្ព័ន្ធ​ថ្មីរបស់​ក្រសួង​​ត្រូវ​បានរៀបចំ​​ចំនួន​បីដង គឺលើកទីមួយតាម​រយៈ អនុក្រឹត្យ​​លេខ៥២ អនក្រ.បក ចុះថ្ងៃទី១ ខែមករា ឆ្នាំ​២០០៥​ ស្តីពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្តទៅរបស់ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងលើកទីពីរតាមរយៈអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពី​​ការ​រៀបចំ និង​ការ​ប្រព្រឹត្តទៅរបស់ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ប្រកាស​​​បន្ត​បន្ទាប់​សម្រាប់អនុវត្ត​អនុក្រឹត្យ​នេះ

  • ​នៅឆ្នាំ២០២៥ រចនាសម្ព័ន្ធ​ក្រសួងក៏​ត្រូវ​បាន​កែសម្រួល​បន្ថែម​ទៀត តាមអនុក្រឹត្យលេខ២៣៦ អនក្រ.បក ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី​​ការ​រៀបចំនិង​ការ​ប្រព្រឹត្តទៅរបស់ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ប្រកាស​​​បន្ត​បន្ទាប់​​សម្រាប់អនុវត្ត​អនុក្រឹត្យ​នេះ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានភារកិច្ចដូចតទៅ៖
 

១. ដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យការងារ រួមមាន៖

      • បំពេញមុខងារក្នុងក្របខ័ណ្ឌសមត្ថកិច្ចផ្តល់ដោយច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ និងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ។

      • បំពេញមុខងារក្នុងក្របខ័ណ្ឌសមត្ថកិច្ចផ្តល់ដោយច្បាប់ស្ដីពីសហជីព និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសេរីភាពអង្គការវិជ្ជាជីវៈ។
      • បំពេញមុខងារក្នុងក្របខ័ណ្ឌសមត្ថកិច្ចផ្តល់ដោយច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។

      • រៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ និងបទដ្ឋានអន្តរជាតិខាងការងារ។

      • អភិវឌ្ឍនិងអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម ដោយប្រើប្រាស់ចំណាត់ថ្នាក់ស្ដង់ដា វិស័យសេដ្ឋកិច្ចកម្ពុជា និងចំណាត់ថ្នាក់ស្តង់ដាមុខរបរកម្ពុជា ស្របតាមតម្រូវការទីផ្សារការងារ ក្នុងនិងក្រៅប្រទេស។

      • ផ្តល់សេវាការងារនិងសេវាប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីពការងារនិងវិជ្ជាជីវៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃដំណើរការទីផ្សារការងារ។

      • គ្រប់គ្រងមុខរបរនិងការងារក្នុងនិងក្រៅប្រទេស និងមុខរបរនិងការងារជនបរទេស។

      • ដឹកនាំនិងគ្រប់គ្រងការធ្វើអធិការកិច្ចការងារ ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ និងលក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង។

      • សិក្សាស្រាវជ្រាវ រៀបចំគោលនយោបាយ និងសម្របសម្រួលការចរចាប្រាក់ឈ្នួលអប្បបរមា។

      • ការពារសិទ្ធិនិងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

      • គ្រប់គ្រងការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ការទទួលយកកម្មសិក្សាការី ឬការហាត់ការ របស់សិស្ស និស្សិត នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ។

      • គ្រប់គ្រងនិងលើកកម្ពស់យន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ បង្ការ និងទប់ស្កាត់កូដកម្មនិងឡុកអៅខុសច្បាប់ ព្រមទាំងធានាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។

      • ចុះបញ្ជីអង្គការវិជ្ជាជីវៈស្របតាមច្បាប់ស្តីពីសហជីព។

      • គាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ ក្នុងវិស័យការងារ ដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

២. ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យសន្តិសុខសង្គម រួមមាន៖

      • បំពេញមុខងារក្នុងក្របខ័ណ្ឌសមត្ថកិច្ចផ្តល់ដោយច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គម។

      • រៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង វិស័យសន្តិសុខសង្គម។

      • ដឹកនាំ តម្រង់ទិស និងអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និងគ្រប់គ្រងការអនុវត្តរបបសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

      • ធានាប្រសិទ្ធភាពនិងគុណភាពនៃការផ្តល់សេវា និងតាវកាលិក ដល់សមាជិកបេឡាជាតិសន្តិសុខសង្គម ប្រកបដោយគណនេយ្យភាពនិងតម្លាភាព។

      • ប្រមូលនិងគ្រប់គ្រងភាគទានរបបសន្តិសុខសង្គម និងការវិនិយោគមូលនិធិសន្តិសុខសង្គម ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព។

      • ដឹកនាំនិងគ្រប់គ្រងការធ្វើអធិការកិច្ចសន្តិសុខសង្គម។

៣. ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ​​​​​​​រួមមាន៖

      • រៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។

      • រៀបចំនិងអភិវឌ្ឍស្តង់ដាជាតិសមត្ថភាព និងអនុវត្តការបណ្តុះបណ្តាលដោយផ្អែកលើ សមត្ថភាពស្របតាមតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។

      • រៀបចំកម្មវិធីសិក្សាសម្រាប់ការចុះកម្មសិក្សា ឬការហាត់ការរបស់សិស្ស និស្សិត នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ។

      • គ្រប់គ្រងការប្រកួតប្រជែងជំនាញ ការធ្វើតេស្តវាយតម្លៃសមត្ថភាព និងការផ្តល់គុណវុឌ្ឍ ក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។

      • ចុះបញ្ចិកា គ្រប់គ្រង ត្រួតពិនិត្យនិងវាយតម្លៃទទួលស្គាល់គុណភាពគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងអ្នកវាយតម្លៃសមត្ថភាព។

      • គ្រប់គ្រងការចុះបញ្ជីទទួលស្គាល់និងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈនិងក្រមសីលធម៌វិស្វករកម្ពុជា។

      • គាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

៤. អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.