Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ៖ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ សម្រេចបានគោលបំណងធំៗចំនួនបី និងទាក់ទាញអ្នកចូលរួមប្រមាណ ១២ម៉ឺននាក់

 Sunday, 13 September 2026 21:26  |    Written by MLVT  |  746 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ៖ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ សម្រេចបានគោលបំណងធំៗចំនួនបី និងទាក់ទាញអ្នកចូលរួមប្រមាណ ១២ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ លើកទី១៦ ដែលបានរៀបចំឡើងក្នុងរយៈពេល ២ថ្ងៃ ក្រោមប្រធានបទ “ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព” នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយពិព័រណ៍ជាតិនេះសម្រេចបាននូវគោលបំណងធំៗចំនួនបី និងមានអ្នកចូលរួមទស្សនាប្រមាណ ១២ម៉ឺននាក់ទាំងផ្ទាល់ និងតាមអនឡាញ។  

 

ថ្លែងទៅកាន់អ្នកចូលរួមជិត ៨០០នាក់ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃពិព័រណ៍ជាតិដ៏ធំប្រចាំឆ្នាំ ដោយទទួលបានការគាំទ្រកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងចាប់អារម្មណ៍ពីអ្នកស្វែងរកការងារធ្វើ ជាពិសេសយុវជន។ ឯកឧត្តមគូសបញ្ជាក់ថា គោលបំណងទី១ នៃពិព័រណ៍ជាតិនេះគឺ ការផ្ដល់សេវាការងារ និងប្រឹក្សាយោបល់ការងារជូនដល់អ្នកស្វែងរកការងារ ដោយរៀបចំឱ្យមាន “សួនការងារ” ដែលជាគំនិតច្នៃប្រឌិតថ្មីមួយ និងជាយន្តការបន្ថែមដែលផ្តល់សេវានៅមួយកន្លែងដល់អ្នកស្វែងរកការងារ សិស្សនិស្សិត ចាប់តាំងពីការរៀបចំ និងព្រីនប្រវត្តិរូបសង្ខេប ការផ្តល់ប្រឹក្សាយោបល់អាជីពដើម្បីត្រៀមខ្លួន រហូតដល់ការដាក់ពាក្យ និងការសម្ភាសជ្រើសរើសភ្លាមៗ។ ឯកឧត្តមមានប្រសាសន៍ថា នេះជាជំហានដំបូងក្នុងការផ្លាស់ប្តូរវិធីសាស្ត្រការងារពី “ការរង់ចាំបម្រើ” ទៅជា “ការនាំសេវាខិតជិតប្រជាពលរដ្ឋ”។ 

 

គោលបំណងទី២ គឺការបញ្ជ្រាបព័ត៌មានពីតម្រូវការនៃជំនាញ និងកម្រិតជំនាញទាំងពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្តមសង្កត់ធ្ងន់ថា តាមរយៈវេទិកាជជែកដេញដោល ដោយមានការចូលរួមពីវាគ្មិនសំខាន់ៗ គឺជួយបង្កើនការយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីសារៈសំខាន់នៃជំនាញក្នុងការជំរុញឱ្យមានផលិតភាព ពីតួនាទីផលិតភាពការងារក្នុងការរក្សាកំណើន និងភាពប្រកួតប្រជែង ព្រមទាំងយល់ដឹងពីប្រភេទជំនាញត្រូវការ ដើម្បីកែសម្រួលកម្មវិធីបណ្ដុះបណ្ដាលឱ្យកាន់តែឆ្លើយនឹងការរីកចម្រើននៃឧស្សាហកម្ម និងបច្ចេកវិទ្យា។ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងការងារបន្តប្តេជ្ញាចិត្តក្នុងស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ដើម្បីតភ្ជាប់រវាង “ជំនាញ” និង “កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព” ជាពិសេសការឆ្លើយតបនឹងការប្រែក្លាយរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញ។

គោលបំណងទី៣ គឺការរៀបចំវេទិកាដេញដោលសាធារណមតិ ដោយផ្តល់ឱកាសសម្រាប់ក្មួយៗកំពុងតែរៀននៅកម្រិតវិទ្យាល័យដើម្បីជជែកបំផុសគំនិតសម្រាប់អ្នកដែលនៅក្នុងការងារ អ្នកផ្ដល់ការបណ្ដុះបណ្ដាល និយោជក ដៃគូពាក់ព័ន្ធ និងក្មេងៗជំនាន់ក្រោយ ដើម្បីត្រៀមខ្លួន និងយល់ដឹងជាមុនថាតើអ្វីទៅជាសារៈសំខាន់នៃជំនាញដើម្បីកំណើនផលិតភាព។ ឯកឧត្តមបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទោះពិភពលោកកំពុងឆ្លងកាត់ភាពមិនច្បាស់លាស់ ក៏កម្ពុជានៅតែរក្សាបាននូវឧត្តមភាពដោយផ្ដល់ឱកាសការងារជូនទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនក្នុងវិស័យកាត់ដេរដែលនៅតែមានភាពរឹងមាំ។ រាជរដ្ឋាភិបាលនឹងខិតខំធ្វើការកែសម្រួលបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសវិនិយោគសម្រាប់សហគ្រាសគ្រប់កម្រិតមានលទ្ធភាពពង្រីក និងបង្កើនទុនវិនិយោគដើម្បីបង្កើតការងារ។ 

 

ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា គោលបំណងទាំងបីគឺបានសម្រេច ដោយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ សមាគម និងក្រុមហ៊ុននានានឹងបន្តជួយគាំទ្របន្ថែមទៀតក្នុងការប្រារព្ធពិព័រណ៍ជាតិនេះនៅឆ្នាំក្រោយៗ ហើយអំពាវនាវឱ្យអ្នកចូលរួមទាំង​អស់សូមធ្វើជាអ្នកនាំសារផ្សព្វផ្សាយបន្តទៅដល់ពលរដ្ឋផ្សេងទៀត ដើម្បីចូលរួមអភិវឌ្ឍជំនាញបន្ថែមទៀត។ 

 

លោកជំទាវ អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារបានបង្ហាញលទ្ធផលនៃការរៀបចំពិព័រណ៍ជាតិនេះដែលមានអ្នកចូលរួមទស្សនាដោយផ្ទាល់ និងតាមអនឡាញប្រមាណ ១២ម៉ឺននាក់ អ្នកស្វែងរកការងារបានចុះឈ្មោះ និងដាក់ប្រវត្តិរូបសង្ខេបសុំការងារប្រមាណ ២ម៉ឺនប្រវត្តិរូប ហើយសហគ្រាស និងក្រុមហ៊ុន បានធ្វើការសម្ភាសអ្នកស្វែងរកការងារនៅនឹងកន្លែងប្រមាណ ៥ពាន់ដង ក្នុងនោះ អ្នកសម្ភាសជាប់ការងារមានជិត ៣ពាន់នាក់ ហើយក្រុមហ៊ុននឹងបន្តជ្រើសរើសជាបន្តបន្ទាប់ទៀត។

 

លោកស្រី Helen Kirsch តំណាងអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ បានអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំពិព័រណ៍នេះ ដោយលោកស្រីលើកឡើងថា កម្លាំងពលកម្មនាពេលអនាគតត្រូវការជំនាញបច្ចេកទេស ជំនាញឌីជីថល និងជំនាញទន់ ដោយយុវជនត្រូវបន្តរៀនសូត្រ សម្របខ្លួន និងលើកកម្ពស់ជំនាញជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ។ អង្គការ ILO បានប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជា ក្នុងការលើកកម្ពស់ការងារឱ្យកាន់តែច្រើន និងកាន់តែប្រសើរ ពង្រឹងស្ថាប័នទីផ្សារការងារ បង្កើនផលិតភាព និងជំរុញការងារសមរម្យសម្រាប់គ្រប់គ្នា៕

#MLVT #HENGSour


Click to enlarge image o_1k2diqu39aum1c7qk22vjk14a4r.jpeg
Click to enlarge image o_1k2diqu39els1gjamvit5vcfu17.jpeg
Click to enlarge image o_1k2diqu39okupeq1kibbuoak5t.jpeg
Click to enlarge image o_1k2diqu39qdeah9m2257na2r11.jpeg
Click to enlarge image o_1k2diqu391cl3931gd1r6025a16.jpeg
Click to enlarge image o_1k2diqu391dhl112p87q1p3hjlq12.jpeg
Click to enlarge image o_1k2diqu391gdl16tg1im61hcm1gcfp.jpeg
Click to enlarge image o_1k2diqu391iij1hed2cnbt51hqm15.jpeg
Click to enlarge image o_1k2diqu391os816111f4b1oqt1hplv.jpeg
Click to enlarge image o_1k2diqu391vf96i8e1qegapuvu.jpeg
Click to enlarge image o_1k2diqu392fokva1lr8btp17te13.jpeg
Click to enlarge image o_1k2diqu397l81qdurklasa1gpjq.jpeg
Click to enlarge image o_1k2diqu397qa1e6l1bmp1mggi2q14.jpeg
Click to enlarge image o_1k2diqu3911j81vhq24318dvqn910.jpeg
Click to enlarge image o_1k2diqu3918o91lbd5sil0i2i2s.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3795.html#sigProId6324db6b95

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.