(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី "ការកំណត់គុណវុឌ្ឍិសហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងការទទួលស្គាល់ជំនាញកម្មករ និយោជិត និងបុគ្គលិក" នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដើម្បីប្រមូលមតិយោបល់ និងធាតុចូលសម្រាប់កែលម្អនីតិវិធីឱ្យមានភាពច្បាស់លាស់ និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដនៃទីផ្សារការងារ។
ថ្លែងទៅកាន់សិក្ខាសាលាដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម សហព័ន្ធនិយោជក សមាគមធុរកិច្ច វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ លោកជំទាវ មានប្រសាសន៍ថា សិក្ខាសាលានេះមិនគ្រាន់តែជាវេទិកាពិភាក្សាលើឯកសារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដ៏សំខាន់ក្នុងការបន្តកែទម្រង់ប្រព័ន្ធអភិវឌ្ឍធនធានមនុស្ស និងកសាងប្រព័ន្ធគុណវុឌ្ឍិដែលមានទំនុកចិត្តពីវិស័យសេដ្ឋកិច្ច និងទីផ្សារការងារ។ ក្នុងបរិបទបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង កម្ពុជាចាំបាច់ត្រូវមានប្រព័ន្ធអភិវឌ្ឍជំនាញដែលអាចឆ្លើយតបទាន់ពេលវេលា ដោយផ្លាស់ប្តូរពីការផ្តោតលើចំនួនអ្នកបណ្តុះបណ្តាល ទៅផ្តោតលើសមត្ថភាពពិតប្រាកដ និងលទ្ធផលនៃការសិក្សា។


ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃការទទួលស្គាល់ជំនាញពីមុន (RPL) ដែលត្រូវបានវាយតម្លៃ និងទទួលស្គាល់ដោយស្តង់ដាជាតិ។ យន្តការនេះនឹងជួយឱ្យកម្មករនិយោជិតអាចទទួលបានការទទួលស្គាល់លើសមត្ថភាពពិតប្រាកដ សហគ្រាសអាចកំណត់បានកាន់តែច្បាស់ពីសមត្ថភាពកម្លាំងពលកម្ម ហើយកម្ពុជាអាចកសាងប្រព័ន្ធកម្លាំងពលកម្មដែលមានជំនាញពិតប្រាកដ។ លោកជំទាវបានបញ្ជាក់ថា ក្រសួងបានរៀបចំសេចក្តីព្រាងនីតិវិធីស្តង់ដាប្រតិបត្តិការ (SOP) សម្រាប់ការអនុវត្តប្រកាសស្តីពីការកំណត់គុណវុឌ្ឍិសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដើម្បីធានាថាការវាយតម្លៃសមត្ថភាពប្រព្រឹត្តទៅតាមស្តង់ដា មានតម្លាភាព គុណវុឌ្ឍិ និងវិស័យឯកជនទទួលស្គាល់។
ក្រសួងក៏នឹងបន្តពង្រឹងប្រព័ន្ធទទួលស្គាល់សមត្ថភាព និងគុណវុឌ្ឍិ ការតភ្ជាប់រវាងការអប់រំ ការបណ្តុះបណ្តាល និងទីផ្សារការងារ លើកកម្ពស់តួនាទីវិស័យឯកជន ពង្រឹងគុណភាព និងភាពជឿជាក់នៃប្រព័ន្ធ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង ការចុះបញ្ជី ការវាយតម្លៃ និងការផ្តល់សេវា ព្រមទាំងកសាងវប្បធម៌នៃការរៀនសូត្រពេញមួយជីវិត។ ចក្ខុវិស័យរបស់ក្រសួង គឺចង់ឃើញកម្ពុជាមានប្រព័ន្ធអភិវឌ្ឍជំនាញមួយដែលមានស្តង់ដា កម្លាំងពលកម្មមានភាពប្រកួតប្រជែង និងជាស្ពានភ្ជាប់រវាងមនុស្ស ជំនាញ ការងារ ផលិតភាព និងកំណើនសេដ្ឋកិច្ច។
លោកជំទាវបានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលាពិភាក្សាលើប្រធានបទនេះឱ្យបានផុសផុល ដោយសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះ នឹងផ្តល់នូវមតិយោបល់ និងធាតុចូលដ៏មានតម្លៃ សម្រាប់កែលម្អសេចក្តីព្រាង SOP ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានដោយប្រសិទ្ធភាព៕
#MLVT #HENGSour
ភាសាខ្មែរ