Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ សហការជាមួយគម្រោង ILO-BFC រៀបចំកិច្ចពិភាក្សាជាមួយតំណាងម្ចាស់ម៉ាកអន្តរជាតិដើម្បីបង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាព និងសុខភាពការងារដល់បងប្អូនកម្មករនិយោជិត

 Wednesday, 09 September 2026 07:11  |    Written by MLVT  |  1063 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ សហការជាមួយគម្រោង ILO-BFC រៀបចំកិច្ចពិភាក្សាជាមួយតំណាងម្ចាស់ម៉ាកអន្តរជាតិដើម្បីបង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាព និងសុខភាពការងារដល់បងប្អូនកម្មករនិយោជិត

 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រវាងក្រសួងការងារ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងតំណាងម្ចាស់ម៉ាក ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះបានធ្វើបច្ចុប្បន្នភាពនៃសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ (OSH) និងប្រព័ន្ធតាមដានសុវត្ថិភាព និងសុខភាពការងារ ដែលជាគម្រោងសាកល្បង ក៏ដូចជាការត្រៀមខ្លួនរបស់កម្ពុជានៅពេលបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍតិចតួច (LDC Graduation) ក្នុងឆ្នាំ២០២៩ និងការបន្តអនុស្សរណៈនៃការយោគយល់គ្នានៃកម្មវិធី ILO-BFC សម្រាប់ ឆ្នាំ២០២៨-២០៣២។

 

ថ្លែងទៅកាន់អ្នកចូលរួម ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ក្រោមគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដោយសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះបង្ហាញពីការប្តេជ្ញាចិត្តរួមចំពោះខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ ការងារសមរម្យ ការបន្តផ្តល់ទំនុកចិត្តលើវិស័យកាត់ដេរ ស្បែក​ជើង និងផលិតផលធ្វើដំ​ណើរ (GFT) របស់កម្ពុជា ដែលជាវិស័យស្នូលដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងកំណើននៃការនាំចេញ។

 

​ឯកឧត្តមគូសបញ្ជាក់ថា នៅចំពោះមុខភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងការផ្លាស់ប្តូរ​យ៉ាងឆាប់រហ័សនៃពិ​ភពការ​ងារ កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់នូវភាពប្រាកដប្រជាផ្នែកបទប្បញ្ញត្តិ ការពារសុខុមាលភាពកម្លាំងពលកម្ម និងពង្រឹងចីរភាពនៃអាជីវកម្ម។ ខណៈដែលត្រៀមខ្លួនចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ កម្ពុជាធ្វើយ៉ាណាត្រូវរក្សាភាពប្រកួតប្រជែងរបស់ខ្លួនក្នុងវិស័យ ហើយការណ៍នេះក៏ជាការទទួលខុសត្រូវរួម ដែលតម្រូវឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និយោជក កម្មករនិយោជិត ក្រុមហ៊ុនម៉ាកអន្តរជាតិ អ្នកបញ្ជាទិញ និងដៃគូអភិវឌ្ឍន៍នានាផងដែរ។​

ឯកឧត្តមសង្កត់ធ្ងន់ថា កម្ពុជាមានគោលបំណងច្បាស់លាស់ក្នុងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ អាចធានាបាននូវការងារដែលមានគុណភាព ជំរុញផលិតភាព និងផ្តល់ជូនម្ចាស់ម៉ាកអន្តរជាតិនូវប្រភពផ្គត់ផ្គង់ដែលមានក្រមសីលធម៌ និរន្តរភាព និងអាចទុកចិត្តបាន។ ការវិនិយោគលើសុវត្ថិភាព និងសុខភាពការងារគឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រជាតិកម្ពុជា។ ហេតុនេះ ការវិវត្តនៃឧស្សាហកម្ម តម្រូវឱ្យមានការពិនិត្យ និងកែលម្អបន្ថែមទៀត ដូចជាការអនុវត្តបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ និងបទប្បញ្ញត្តិច្បាប់ផ្សេងទៀត ស្របតាមបទដ្ឋានអន្តរជាតិខាងការងារ។

 

កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្សាភ្ជាប់ពាណិជ្ជកម្មជាមួយនឹងលក្ខខណ្ឌការងារ ស្របតាមបដ្ឋានអន្តរជាតិខាងការងារដែលទទួលស្គាល់ជាអន្តរជាតិ ដូចដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាត្រូវការកំណើនសេដ្ឋកិច្ច ប៉ុន្តែត្រូវការកំណើនដែលមិនកើតចេញពីការលះបង់សុខុមាលភាព និងសុវត្ថិភាពរបស់កម្មករនិយោជិតនោះទេ។ ទន្ទឹមនេះ ការអនុវត្តសាកល្បងដោយស្ម័គ្រចិត្តនៃការតាមដានសុវត្ថិភាព និងសុខភាពការងារថ្នាក់ជាតិ និងការបង្ការផលប៉ះពាល់ពីកម្ដៅ គឺជាទិសដៅអាទិភាពបន្ទាន់ក្នុងពេលបម្រែបប្រួលអា​កាសធាតុកាន់តែធ្វើឱ្យសីតុណ្ហភាពនៅកន្លែងធ្វើការកើនឡើង។ ក្រៅពីនេះ សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតធ្វើដំណើរទៅមកពីកន្លែងធ្វើការ គឺជាការអនុវត្តវិធានការបុរេសកម្មដើម្បីពង្រឹងសុវត្ថិភាពក្នុងអំឡុងពេលធ្វើដំណើរ។

 

ជាមួយគ្នានេះ តំណាងម្ចាស់ម៉ាកក៏បានសម្តែងការសាទរជាខ្លាំងចំពោះសមិទ្ធផលដែលសម្រេចបានក្នុងវិស័យការងាររបស់កម្ពុជា ជាពិសេសការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយធានាបាននូវសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ និងធានាបានភាពធន់របស់ខ្លួន។ 

 

នាឱកាសនេះ លោកស្រី ហ្រ្វោកខ្ជិស ប៊ូឡេ បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី ​និងក្រុមការងារយ៉ាងជ្រាលជ្រៅចំពោះការធ្វើបច្ចុប្បន្នភាព ក៏ដូចជាវឌ្ឍនភាពនានាក្នុងវិស័យការងារ។ លោកស្រីបានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហការដ៏រឹងមាំជាមួយដៃគូត្រីភាគី និងជាពិសេសជាមួយក្រសួងការងារ ក្នុងការអនុវត្តកម្មវិធីរបស់ខ្លួន៕

 

#MLVT #HENGSour


Click to enlarge image o_1k21o8imd1c011jv17dv1gq61kb4l.jpeg
Click to enlarge image o_1k21o8imd1n7keg918namffe8uk.jpeg
Click to enlarge image o_1k21o8imd1r141rs43q1bhuukom.jpeg
Click to enlarge image o_1k21o8imd15gf1kqr13m199dgi8j.jpeg
Click to enlarge image o_1k21o8imdkop1jau178v1rn81a9h.jpeg
Click to enlarge image o_1k21o8imdkvm16nsorsqn41stoi.jpeg
Click to enlarge image o_1k21o8imdugr11i0ainj5hr3vn.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3790.html#sigProId6daee2499a

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.