(សៀមរាប)៖ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកក្នុងវេទិកាសន្ទនាស្តីពី «ឆ្ពោះទៅការងារសមរម្យ និងគាំពារសង្គមសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម» នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារបាយ័នអេរ៉ា ក្នុងខេត្តសៀមរាប ដែលមានអ្នកចូលរួមជិត ៥០០នាក់ ជាតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ អង្គការវិជ្ជាជីវៈរបស់និយោជក និងបងប្អូនកម្មករនិយោជិត សមាគមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងភាគីពាក់ព័ន្ធ។
វេទិកានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃក្របខ័ណ្ឌច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសអំណោយផល ដើម្បីលើកកម្ពស់សិទ្ធិការងារ ការងារសមរម្យ និងការទទួលស្គាល់ស្របច្បាប់ដល់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីជនបទ យុវកសិករ កម្មករក្នុងវិស័យកសិ-ស្បៀងអាហារ បុគ្គលស្វ័យនិយោជន៍ និងសហគ្រាសធុនតូច និងមធ្យម ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។
ថ្លែងក្នុងអង្គវេទិកា ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបន្តជំរុញបរិវត្តកម្មឌីជីថល តាមរយៈការចុះបញ្ជីកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គម តាមថ្នាលឌីជីថល ដើម្បីធានាឱ្យកម្មករនិយោជិត បុគ្គលស្វ័យនិយោជន៍ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ ទទួលបានការគាំពារប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។
វេទិកាដ៏មានសារៈសំខាន់នេះក៏មានគោលដៅពង្រឹង និងពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម ប្រកបដោយសមធម៌ បរិយាបន្ន តម្លាភាព និងគណនេយ្យភាព ព្រមទាំងពង្រឹងកិច្ចសន្ទនាសង្គម និងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធផងដែរ។ តាមវេទិកាសន្ទនានេះ តំណាងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម មានឱកាសចូលរួមពិភាក្សា ផ្លាស់ប្តូរបទពិសោធ ព្រមទាំងលើកឡើងពីស្ថានភាពការងារ បញ្ហាប្រឈម តម្រូវការ និងសំណូមពរ ជូនតំណាងស្ថាប័នរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសហជីព ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាព៕
#MLVT #HENGSour
English