Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

 ព្រហស្បតិ៍, 25 មិថុនា 2026 05:35  |    ផ្សព្វផ្សាយដោយ MLVT  |  388 ដង  |   បោះពុម្ព  |   Email
  • វិចិត្រសាល
កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៊ីស្រាអែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អាឡូណា ហ្វីស័រ ខាម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរទស្សនៈអំពីការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីស្តីពី ការជ្រើសរើសពលករកម្ពុជាសម្រាប់ការងារបណ្តោះអាសន្ននៅក្នុងវិស័យទីផ្សារការងារជាក់លាក់នានានៃរដ្ឋអ៊ីស្រាអែល។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវបណ្ឌិត និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល នាពេលកន្លងមក ជាពិសេសក្នុងវិស័យការងារ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ ឯកឧត្តមបានគូសបញ្ជាក់ថា ជំនួបនាពេលនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីការរៀបចំអនុវត្តកិច្ចព្រមព្រៀងការងារដែលភាគីទាំងពីរបានខិតខំចរចារហូតឈានដល់ការបញ្ចប់ដោយជោគជ័យ។ កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងកម្ពុជា-អ៊ីស្រាអែល ដោយបង្កើតយន្តការផ្លូវការសម្រាប់ការធ្វើចល័តភាពកម្លាំងពលកម្មប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងតម្លាភាព។

 

ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ស្ថានទូត និងស្ថាប័នពាក់ព័ន្ធរបស់អ៊ីស្រាអែល ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយភាគីអ៊ីស្រាអែល ដើម្បីធានាឱ្យការអនុវត្តកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងស្របតាមគោលបំណងរបស់រដ្ឋាភិបាលទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញជំហរកម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារទៅកាន់វិស័យដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ផ្សេងទៀត។

 

ជាការឆ្លើយតប លោកជំទាវបណ្ឌិត អាឡូណា ហ្វីស័រ ខាម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃភាគីទាំងពីរ ជាពិសេសក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានធ្វើការយ៉ាងសកម្មរហូតសម្រេចបាននូវកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានសម្តែងការពេញចិត្តចំពោះបទពិសោធជោគជ័យរបស់កម្មវិធីនិស្សិតកសិកម្មកម្ពុជានៅអ៊ីស្រាអែលនាពេលកន្លងមក និងបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម វិន័យ និងការប្តេជ្ញាចិត្តក្នុងការងាររបស់យុវជនកម្ពុជា។ លោកជំទាវជឿជាក់ថា ពលករកម្ពុជានឹងបន្តបង្ហាញសមត្ថភាព និងក្លាយជាកម្លាំងពលកម្មដ៏មានតម្លៃសម្រាប់និយោជកអ៊ីស្រាអែល។

 

ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យចាប់ផ្តើមបានក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។

 

សូមបញ្ជាក់ថា កម្ពុជា និងអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាសមិទ្ធផលសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះនឹងបើកឱកាសឱ្យពលករកម្ពុជាចូលរួមក្នុងទីផ្សារការងារអ៊ីស្រាអែលដោយស្របច្បាប់ និងទទួលបានការការពារសិទ្ធិ និងសុខុមាលភាពស្របតាមស្តង់ដាអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាក៏ចាប់អារម្មណ៍ក្នុងការសិក្សា និងផ្លាស់ប្តូរបទពិសោធពីភាពជោគជ័យរបស់អ៊ីស្រាអែលក្នុងវិស័យកសិកម្មឆ្លាតវៃ ការគ្រប់គ្រងធនធានទឹក បច្ចេកវិទ្យាបៃតង ការអប់រំ STEM និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕

 

#MLVT #HENGSour


Click to enlarge image o_1jrt6vinj1g3rtds15h91go015qvl.jpeg
Click to enlarge image o_1jrt6vinj1p871k1o1t66dr81k05i.jpeg
Click to enlarge image o_1jrt6vinj8sl13corkq1dov1sh4j.jpeg
Click to enlarge image o_1jrt6vinjhpl5rbe991jli1uo7k.jpeg
Click to enlarge image o_1jrt6vinji7p71vuntkuj15l6h.jpeg
Click to enlarge image o_1jrt6vinjv651kvd97m1loq1divg.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3693.html#sigProId725ca602e4

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.