(បន្ទាយមានជ័យ)៖ រោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗចំនួន ៤ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ។
តម្រូវការការងារចំនួនប្រមាណ១ ០០០កន្លែង ត្រូវបាននាំយកមកបង្ហាញជូនដល់អ្នកកំពុងស្វែងរកការងារធ្វើ តាមរយៈវេទិកាការងារដែលរៀបចំឡើងរៀងរាល់សប្តាហ៍នៅតាមមូលដ្ឋានស្រុក ខេត្តគោលដៅនានា ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកានេះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រមូលផ្តុំព័ត៌មានការងារដ៏សម្បូណ៌បែបសម្រាប់បងប្អូន និងកំពុងតែរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះជារៀងរាល់ចុងសប្តាហ៍ដល់មូលដ្ឋាន ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើការផ្សព្វផ្សាយ។ ជាក់ស្តែងនៅថ្ងៃនេះ មានរោងចក្រ និងក្រុមហ៊ុនធំៗចំនួន ៤បានមកផ្តល់ឱកាសការងារប្រមាណ ១០០០កន្លែង ដែលបងប្អូនអាចចុះឈ្មោះ និងសម្ភាសទទួលបានការងារភ្លាមៗ ជាពិសេសអតីតពលករត្រឡប់ពីប្រទេសថៃ និងយុវជនរកការងារ។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការនាំយកការងារមកដល់មូលដ្ឋាននាពេលនេះ គឺជួយកាត់បន្ថយទាំងពេលវេលា និងថវិកាសម្រាប់បងប្អូន ដែលខុសប្លែកពីពេលមុន ដែលបងប្អូនត្រូវធ្វើដំណើរទៅរកការងារធ្វើដោយខ្លួនឯង។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានធ្វើការប្រៀបធៀបយ៉ាងច្បាស់លាស់ពីអត្ថប្រយោជន៍នៃការងារនៅក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយបានសង្កត់ធ្ងន់ថា ការងារក្នុងស្រុកមិនត្រឹមតែទទួលបានប្រាក់ឈ្នួលសមរម្យជាមួយនឹងលក្ខខណ្ឌការងារល្អ អាចរស់នៅជួបជុំគ្រួសារ មើលថែទាំកូន ឪពុកម្ដាយ និងជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ុក ប៉ាន់ ក៏បានលើកទឹកចិត្តឱ្យបងប្អូន ជាពិសេសយុវជនដែលត្រឡប់ពីប្រទេសថៃឱ្យចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET 1.5M) ដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវជីវភាពសមរម្យសម្រាប់ពលរដ្ឋគ្រប់កាលៈទេសៈ ក៏ដូចជា សម្រេចគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។
សូមបញ្ជាក់ថា ឱកាសការងារប្រមាណ ១ ០០០កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៨៣ ០០០កន្លែងនៅទូទាំងប្រទេស៕

#MLVT #HENGSour
English