(ភ្នំពេញ)៖ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហភាពសហជីព នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដើម្បីពង្រឹងកិច្ចសហការ និងស្ថិរភាពការងារ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការស្ដាប់នូវមតិយោបល់របស់ថ្នាក់នាំដឹកនាំសហភាពសហជីព និងការវិវត្ត នៃស្ថានភាពកម្មករនិយោជិត ក្នុងគោលដៅរួមគ្នាថែរក្សាសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការងារនេះមិនត្រឹមតែជួយលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងការចូលរួមរបស់កម្មករនិយោជិត ឱ្យកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយន្តការមួយក្នុងការទប់ស្កាត់ និងជៀសវាងរាល់ការធ្វើកូដកម្ម បាតុកម្ម ខុសច្បាប់ផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងជួយបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងបង្កើតបរិយាកាសការងារ កាន់តែល្អប្រសើរ ដែលជាប្រភពចំណូលដ៏មានស្ថិរភាពសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកម្មករនិយោជិត ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ថ្នាក់ដឹកនាំសហភាពសហជីព នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងម្ចាស់ក្រុមហ៊ុន ដើម្បីជំរុញការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់៕
#MLVT #HENGSour


English