(ភ្នំពេញ)៖ ក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់មន្ត្រីរាជការក្រោមឱវាទក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយបណ្តាក្រសួងនានាចំនួន៨ រួចមកហើយ ដែលមានមន្ត្រីរាជការសរុបប្រមាណជាង ២ពាន់់នាក់ បានចូលរួមឈ្វេងយល់ពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ពីមន្រ្តីជំនាញ ប.ស.ស.។
ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តថា ការរៀបចំឱ្យមានពិធីផ្សព្វផ្សាយនៅតាមបណ្តាក្រសួងនានា គឺក្នុងន័យចង់ឱ្យថ្នាក់ដឹកនាំ ក៏ដូចជាបងប្អូនមន្រ្តីរាជការទាំងអស់បានយល់ច្បាស់ និងកាន់តែស៊ីជម្រៅនូវសិទ្ធិរបស់ខ្លួន ក្នុងការទទួលបានការគាំពារពី ប.ស.ស. ស្របទៅតាមការកំណត់ ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម។
ឯកឧត្តម រដ្ឋលេខាធិការ បានបន្តទៀតថា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការជាមួយបណ្តាក្រសួងនានាបន្ថែមទៀត ដើម្បីផ្សព្វផ្សាយអំពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ធ្វើយ៉ាងណាឱ្យព័ត៌មានទាំងអស់នេះ បានដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីរាជការទាំងអស់នៅកម្ពុជា៕
#MLVT #NSSF