Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ គាំទ្រទាំងស្រុងរបាយការណ៍របស់ អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ»

 ពុធ, 10 មិថុនា 2026 14:25  |    ផ្សព្វផ្សាយដោយ MLVT  |  94 ដង  |   បោះពុម្ព  |   Email
ឯកឧត្តម ហេង សួរ គាំទ្រទាំងស្រុងរបាយការណ៍របស់ អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ»

(ទីក្រុងហ្សឺណែវ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើបទអន្តរាគមន៍ និងពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គនាយកអង្គការ ILO ក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិការងារលើកទី ១១៤ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្ររបាយការណ៍របស់អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ»។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា AI ត្រូវបម្រើមនុស្ស មិនមែនជំនួសមនុស្សនោះទេ។

  

ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ ILO សម្រាប់ភាពជាដៃគូ និងការគាំទ្រយ៉ាងមុតមាំក្នុងការលើកកម្ពស់ការងារសមរម្យ យុត្តិធម៌សង្គម ការអភិវឌ្ឍជំនាញ និងកំណើនសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាបន្ន ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកត់សម្គាល់ថា បញ្ញាសិប្បនិម្មិត (AI) មិនមែនគ្រាន់តែនាំមកនូវបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែកំពុងកែប្រែប្រព័ន្ធផលិតកម្ម ទីផ្សារការងារ និងគំរូអាជីវកម្មជាដើម។ ទន្ទឹមនឹងឱកាសជាច្រើនដែល AI ផ្តល់ជូន វាក៏អាចបង្កហានិភ័យចំពោះការការពារទិន្នន័យផ្ទាល់ខ្លួន និងកម្មសិទ្ធិបញ្ញា ប្រសិនបើក្របខណ្ឌច្បាប់ បទប្បញ្ញត្តិ និងយន្តការអភិបាលកិច្ចមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។

 

ទន្ទឹមនឹងនេះ ឯកឧត្ដមមានប្រសាសន៍ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការរីកចម្រើនរបស់មនុស្ស ដែលវត្តមាន AI គឺដើម្បីបង្កើនសមត្ថភាពមនុស្ស មិនមែនជំនួសការងារមនុស្សនោះឡើយ។ ហេតុនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះខ្លឹមសារនៃរបាយការណ៍ដែលបានគូសបញ្ជាក់ថា អនាគតនៃការងារត្រូវតែផ្តោតលើមនុស្សជាចម្បង ដោយតម្រូវឱ្យមានស្ថាប័នដ៏រឹងមាំ កិច្ចសន្ទនាសង្គមប្រកបដោយប្រសិទ្ធភាព និងការវិនិយោគលើមូលធនមនុស្ស។

 

ឯកឧត្តមបន្តថា សម្រាប់កម្ពុជា ការវិនិយោគលើជំនាញ ភាពអាចទទួលបានការងារ ផលិតភាព និងកិច្ចគាំពារសង្គម មិនមែនគ្រាន់តែជាគោលដៅនយោបាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ការប្រកួតប្រជែង ភាពធន់ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្ពុជាបន្តវិនិយោគយ៉ាងខ្លាំងលើកម្មវិធី លើការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាល និងការបញ្ចូលសមត្ថភាពឌីជីថល កំពុងផ្តល់ជូនបងប្អូនកម្មករនិយោជិត ជាពិសេសយុវជន នូវជំនាញចាំបាច់ក្នុងសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ បន្ថែមពីនេះ កម្ពុជាក៏ទទួលស្គាល់ដែរថា ការសិក្សាពេញមួយជីវិត ការពង្រឹងជំនាញឡើងវិញ និងការរៀនជំនាញថ្មីនឹងកាន់តែមានសារៈសំខាន់ក្នុងពេលនៃការផ្លាស់ប្តូរដ៏លឿននៃបច្ចេកវិទ្យា។

 

ឯកឧត្តមរដ្ឋមន្រ្តីក៏បានចែករំលែកនូវលទ្ធផលការងារដែលកម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការលើកកម្ពស់កិច្ចសន្ទនាសង្គម ការកែលម្អលក្ខខណ្ឌការងារ ការគោរពនិងលើកកម្ពស់សិទ្ធិការងារ ការបណ្តុះបណ្តាលជំនាញ និងការដាក់ចេញគោលនយោបាយសំខាន់ៗ ដើម្បីផ្តល់លក្ខខណ្ឌអនុគ្រោះដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលមកក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធនៅក្នុងបរិបទ AI។ ក្នុងនាមជាប្រទេសឈានមុខមួយនៃការអនុវត្តគំនិតផ្តួចផ្តើម កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការងារប្រកបដោយផលិតភាព ការពន្លឿនការឈានចូលទៅក្នុងប្រព័ន្ធនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពង្រីកប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន។

 

ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO រដ្ឋាភិបាល និយោជក កម្មករនិយោជិត និងដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យប្រាកដថា AI ជួយកសាងអនាគតនៃការងារប្រកបដោយនវានុវត្តន៍ បរិយាបន្ន ភាពធន់ ការងារសមរម្យ និងឈរលើមូលដ្ឋានដ៏រឹងមាំនៃសេចក្តីថ្លៃថ្នូររបស់មនុស្ស និងយុត្តិធម៌សង្គម។

 

ក្នុងកិច្ចពិភាក្សានេះ ប្រតិភូត្រីភាគីបានយកចិត្តទុកដាក់ចំពោះបទអន្តរាគមន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ជាពិសេសការលើកឡើងថា បញ្ញាសិប្បនិម្មិតត្រូវបម្រើមនុស្ស មិនមែនជំនួសមនុស្សនោះទេ។ សារនេះបានឆ្លុះបញ្ចាំងពីទស្សនៈកម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់អនាគតនៃការងារ តាមរយៈការវិនិយោគលើជំនាញ កិច្ចគាំពារសង្គម និងការងារសមរម្យ៕

#MLVT #HENGSour



ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.