Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD

 Monday, 15 June 2026 19:30  |    Written by MLVT  |  902 times  |   Print  |   Email
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសៀវភៅ «កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រវាងក្រសួងការ ងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន BYD CAMBODIA CO., LTD.។

 

នាឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន បានអញ្ជើញប្រគល់សៀវភៅ «កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដែលជាអំណោយរបស់ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមនៃប្រទេសចិន ជូនឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ។ សៀវភៅ ដែលកំណត់យ៉ាងលម្អិតពីជំនាញ និងការវាយតម្លៃមុខរបរជាច្រើនដោយត្រូវបានបែងចែកជាប្រភេទ និងកម្រិតជំនាញផ្សេងៗគ្នានេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចូលរួមពង្រឹងស្តង់ដាជាតិសុវត្ថិភាពកម្ពុជា។

 

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលមានឯកឧត្តម ជា កុសល រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក XIAO Haiping នាយករដ្ឋបាលនៃការិយាល័យប្រធានក្រុមហ៊ុន BYD ជាហត្ថលេខីផងដែរ។ 

គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានគុណភាពខ្ពស់ ស្របតាមអាទិភាពនៃការអភិវឌ្ឍឧស្សាហកម្មរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យយានយន្ត និងយានយន្តថាមពលថ្មី (NEV) ព្រមទាំងលើកកម្ពស់ជំនាញ និងសមត្ថភាពកម្លាំងពលកម្ម តាមរយៈកម្មវិធីបណ្តុះបណ្តាលដែលផ្អែកលើតម្រូវការឧស្សាហកម្ម ដើម្បីគាំទ្រដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មនៅកម្ពុជា។

 

លើសពីនេះ MoU នេះ ក៏នឹងជំរុញការបញ្ចូលបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាឆ្លាតវៃ និងបច្ចេកវិទ្យាបៃតងទៅក្នុងប្រព័ន្ធផ្តល់សេវា TVET, សម្របសម្រួលការផ្ទេរបច្ចេកវិទ្យា ការផ្លាស់ប្តូរចំណេះដឹង និងការកសាងសមត្ថភាព, គាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្ម និងការត្រៀមធនធានមនុស្សមានជំនាញ ដែលត្រូវការចាំបាច់សម្រាប់ឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា។

 

កិច្ចសហប្រតិបត្តិការនេះត្រូវបានបង្កើតឡើងចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញការប្រើប្រាស់ NEV  ខណៈ មានកំណើននៃការប្រើប្រាស់ប្រភេទរថយន្តនេះនៅកម្ពុជា ដែលទាមទារឱ្យមានតម្រូវការនៃការបណ្តុះបណ្តាលជំនាញថែទាំ និងជួសជុលក៏កាន់តែច្រើនផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាកាតាលីករគន្លឹះមួយដែលជួយជំរុញកំណើនផលិតភាពកម្លាំងពលកម្ម គាំទ្រដល់ពិពិធកម្ម និងការលើកកម្ពស់កម្រិតឧស្សាហកម្ម ព្រមទាំងពង្រីកឱកាសការងារសមរម្យសម្រាប់យុវជនផងដែរ ជាពិសេសក្នុងផ្នែក NEV។

 

វិសាលភាពនៃកិច្ចសហប្រតិបត្តិការនេះផ្តោតសំខាន់ៗទៅលើ ការបង្កើត ឬ ការធ្វើទំនើបកម្មមជ្ឈមណ្ឌលបណ្តុះបណ្តាលឯកទេស មន្ទីរពិសោធន៍ និងសិក្ខាសាលា សម្រាប់ជំនាញ NEV និងជំនាញផលិតកម្មកម្រិតខ្ពស់, ការកសាងសមត្ថភាពគ្រូបណ្តុះបណ្តាល និងការរៀនសូត្រផ្អែកលើការងារ និងកម្មសិក្សាតាមរយៈការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលទ្វេភាគី ដែលរួមបញ្ចូលការសិក្សាក្នុងថ្នាក់រៀនជាមួយនឹងការបណ្តុះបណ្តាលជាក់ស្តែងនៅកន្លែងការងារ ក្នុងក្រុមហ៊ុន BYD និងសហគ្រាសដៃគូជាដើម។ 

 

បន្ថែមពីនេះ ក៏មានការអភិវឌ្ឍកម្មវិធីសិក្សា, ការគាំទ្រផ្នែកបច្ចេកវិទ្យា និងបរិក្ខារ, ការស្រាវជ្រាវ និងនវានុវត្តន៍ (គំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នា លើតម្រូវការជំនាញ ការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម និងបច្ចេកវិទ្យាកំពុងលេចធ្លោក្នុងវិស័យ NEV និងសេដ្ឋកិច្ចបៃតង ព្រមទាំងការភ្ជាប់និស្សិតបញ្ចប់ការសិក្សាដែលបានទទួលការបណ្តុះបណ្តាល ទៅនឹងឱកាសការងារនៅក្រុមហ៊ុន BYD និងក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ដែលពាក់ព័ន្ធ៕

#MLVT #HENGSour #TVET



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.