Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរខួប១០០ឆ្នាំ ថ្ងៃកំណើតអង្គការ ILO និងខួប ៥០ឆ្នាំដែលកម្ពុជាក្លាយជាសមាជិក ILO

 Thursday, 28 March 2019 10:45  |  4667 times  |   Print  |   Email
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរខួប១០០ឆ្នាំ ថ្ងៃកំណើតអង្គការ ILO និងខួប ៥០ឆ្នាំដែលកម្ពុជាក្លាយជាសមាជិក ILO

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរខួប ១០០ឆ្នាំ ថ្ងៃបង្កើត អង្គការអន្តរជាតិខាងការងារ (International Labour Organization-ILO) និងខួប ៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការអន្តរជាតិខាងការងារ ក្រោមប្រធានបទ “បង្កើនយុត្តិធម៌សង្គមលើកកម្ពស់ការងារសមរម្យ”។ អង្គការ ILO គឺជាទីភ្នាក់ងារត្រីភាគីឯកទេសផ្នែកពិភពការងារនៃអង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩១៩ ដើម្បីកំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានាក្នុងគោលបំណងបង្កើនយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យសម្រាប់ស្ត្រី និងបុរស។

ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការ ILO នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩។ ក្នុងរយៈពេល ៥០ឆ្នាំមកនេះ កម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិខាងការងារចំនួន១៣ ក្នុងនោះមានអនុសញ្ញាស្នូលទាំង៨ គឺអនុសញ្ញាលេខ២៩, លេខ៨៧, លេខ៩៨, លេខ១០០, លេខ១០៥, លេខ១១១, លេខ១៣៨, លេខ១៨២, និងអនុសញ្ញាបច្ចេកទេសចំនួន៤ គឺអនុសញ្ញាលេខ៤, លេខ៦, លេខ១៣, លេខ១៥០ ព្រមទាំងអនុសញ្ញាអាទិភាពចំនួន១ គឺអនុសញ្ញាលេខ១២២។

ខ្លឹមសារនៃអនុសញ្ញាអន្តរជាតិទាំងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជា។ ក្នុងនោះកម្ពុជាធ្លាប់បានជាប់ឆ្នោតជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាភិបាលរបស់អង្គការអន្តរជាតិខាងការងារ (Governing Body) ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ហើយបានចូលរួមយ៉ាងសកម្មក្នុងយន្តការនេះរបស់អង្គការ ILO និងបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនទៅតាមអនុសញ្ញាដែលបានផ្តល់សច្ចាប័ន ព្រមទាំងបានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យការងារ និងបានចែករំលែកនូវបទពិសោធន៍ល្អៗដល់ប្រទេសជាមិត្តមួយចំនួន។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែង និងចូលរួមអបអរសាទរចំពោះខួប១០០ ឆ្នាំនៃអង្គការ ILO និងខួប ៥០ឆ្នាំនៅកម្ពុជាដែលចូលជាសមាជិករបស់អង្គការ ILO ក្រោមប្រធានបទ«បង្កើនយុត្តិធម៌សង្គម លើកកម្ពស់ការងារសមរម្យ» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារសំខាន់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានសហការជាមួយអង្គការ ILO រៀបចំពិធីដ៏មានអត្ថន័យនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលកើតចេញពីស្ថាប័នមួយនេះក្នុងតួនាទីជាទីភ្នាក់ងារត្រីភាគីឯកទេសផ្នែកពិភពការងារនៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិខាងការងារដែលបានកំណត់បទដ្ឋានការងារនិងរៀបចំគោលនយោបាយនានាក្នុងគោលបំណងបង្កើនយុត្តិធម៌សង្គមនិងលើកកម្ពស់ការងារសមរម្យសម្រាប់ស្ត្រី និងបុរស។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បនេះ រាជរដ្ឋាភិបាលបានបង្កើតការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ដែលទទួលបានជោគជ័យយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលមានកំណើរជាមធ្យម ៧% ក្នុងយរៈពេលជាង២ទស្សវត្សរ៍ ហើយបង្កើតការងារធ្វើក្នុងអត្រា ៩៩.៣% នៃកម្លាំងពលកម្មសរុបប្រមាណជាង១០លាននាក់់ ក្នុងនោះសហគ្រា គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធចំនួនជិត ១ម៉ឺន ៣ពាន់ ដែលមានកម្មករនិយោជិត ១លាន ៥សែននាក់ និង សហគ្រា គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបចំនួនជិត ៦សែន ដែលមានកម្មករនិយោជិត ២លាន ៤សែននាក់ វិស័យកសិកម្មប្រមាណជាង ៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេសចំនួនប្រមាណ ១លាន ២សែននាក់ និងមន្ត្រីសាធារណចំនួនប្រមាណជាង ៥សែននាក់។ ក្នុងឱកាសនេះផងដែរ ដើម្បីជំរុញការអនុវត្តគោនយោបាយស្តីពីការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម មុរបរ និងការងារ ការគាំពារសង្គម ពិសេសដើម្បីលើកកម្ពស់សុខមាលភាពកម្មករ និយោជិត និងទំនាក់ទំនងវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ និយោជិត គិតចាប់ពីថ្ងៃ ២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ ថ្ងៃទី ២៨ខែមីនា ឆ្នាំ២០១៩ គឺមានរយៈពេល ១៩ខែ ៨ថ្ងៃ បានចំនួន ៦៦លើក សរុបកម្មករនិយោជិតចំនួនជិត ៩ សែន ៥ម៉ឺននាក់។ តាមរយៈការចុះជួបសួរសុខទុក្ខ បងប្អូនកូនក្មួយ កម្មករ កម្មការនី ដោយផ្ទាល់នោះ សម្តេចតេជោ បានពិនិត្យឃើញនូវបញ្ហាប្រឈមមួយចំនួន និងបានដាក់ចេញនូវគោលការណ៍ និងវិធានការណ៍ជាច្រើន ដែលបានអនុវត្ត និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងរួមមាន៖

១) អនុវត្តគោលនយោបាយធានាការពារសិទ្ធិការងារលក្ខខណ្ឌការងារស្របច្បាប់ និងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្ដល់សច្ចាប័ន។ រាជរដ្ឋាភិបាលបានចាត់ទុកការអនុវត្តសិទ្ធិការងារគឺជាការអនុវត្តសិទ្ធិមនុស្សដោយបានដាក់ចេញនូវនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារសហការជាមួយនឹងគម្រោងឃ្លាំមើលលក្ខខណ្ឌការងារនៅកម្ពុជាដែលបច្ចុប្បន្នជាគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាដែលបង្ហាញពីឆន្ទៈនិងតម្លាភាពនៃបរិយាកាសការងារនៅកម្ពុជា។

២)ផ្ដោតយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទំនាក់ទំនងវិជ្ជាជីវៈតាមរយៈបន្តយន្តការត្រីភាគីដើម្បីដោះស្រាយបញ្ហាជាច្រើនទាក់ទងទៅនឹងសិទ្ធិនិងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក។ជាក់ស្ដែងគណៈកម្មាធិការប្រឹក្សាការងារបានបង្កើតក្រុមការងារត្រីភាគីបានដោះស្រាយប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងបានកើនឡើងពី៤០ ដុល្លារ ២៤០ ដុល្លារក្នុងមួយខែដល់ឆ្នាំ ១៩៩៧ និង១៨២ ដុល្លារក្នុងមួយខែ នាឆ្នាំ ២០១៩ នេះបានបើកផ្ដល់ពីរដងក្នុងមួយខែ។

៣) បន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈតាមរយៈការអនុវត្តច្បាប់ស្តីពីការងារនិងច្បាប់ស្ដីពីសជីព។គិតមកដល់ខែធ្នូ ឆ្នាំ២០១៨ ចំនួនសហជីពសរុបដែលបានចុះបញ្ជីនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានចំនួន ៤,៨៣៨ ក្នុងនោះសហជីពមូលដ្ឋានចំនួន៤,៦២១ សហព័ន្ធសហជីពចំនួន១៨០ សហភាពសហជីពចំនួន២៨ និងសមាគមនិយោជកចំនួន៩។

៤) ផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍអនាម័យ និងសន្តិសុខការងាររបស់កម្មករនិយោជិតជំរុញឲ្យរោងចក្រសហគ្រាសទាំងអស់មានគិលានដ្ឋានប្រអប់សង្គ្រោះបន្ទាន់ប្រចាំរោងចក្រ មានកន្លែងហូបបាយ មានបន្ទប់បំបៅកូន និងមានទារកដ្ឋានដើម្បីកាត់បន្ថយបញ្ហាដួលសន្លប់គ្រោះថ្នាក់ការងារបង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត។

៥)បន្ទាប់អនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមតាមរយៈការអភិវឌ្ឍរបបសន្តិសុខសង្គមដែលមកដល់ពេលនេះមានសហគ្រាសគ្រឹះស្ថានជាងមួយលាននាក់កំពុងទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ។ នៅឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យដំណើរការរបបសោធននិវត្តន៍សម្រាប់កម្មករនិយោជិត និងហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈព្រមទាំងរៀបចំកិច្ចសហប្រតិបត្តិការខ្ជាប់របបសន្តិសុខសង្គមជាមួយនឹងប្រទេសដែលទទួលពលករកម្ពុជា។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងក្នុងនិងក្រៅប្រព័ន្ធនិងមន្ត្រីសាធារណៈនៅពេលសម្រាលកូនហើយមួយបទមកដល់ពេលនេះកម្មការិនីសរុបចំនួន ៦ម៉ឺន ពាន់នាក់និងចំនួនកូនជិត ៦ម៉ឺនប្រាំមួយពាន់នាក់ដោយសរុបជាទឹកប្រាក់ជិត ៦លានប្រាំមួយសែនដុល្លារ។ ដោយឡែកស្ត្រីដែលមានកូនភ្លោះ៣ ត្រូវបានទទួលថវិកាពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៥លានរៀលបន្ថែមទៀត។

៦)បន្តយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងបង្កើនមុខរបរថ្មីៗ។ បន្តអភិវឌ្ឍសេវារកការងារធ្វើជូនដល់ប្រជាពលរដ្ឋតាមរយៈការផ្ដល់ព័ត៌មានអំពីតម្រូវការការងាររបស់សហគ្រាសគ្រឹះស្ថានដល់យុវជនយុវនារីដែលកំពុងស្វែងរកការងារធ្វើនិងជួយដល់សហគ្រាសគ្រឹះស្ថានក្នុងការស្វែងរកកម្លាំងពលកម្មតាមតម្រូវការ។

៧)បន្តភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអង្គការអន្តរជាតិខាងការងារ។ ដែលកន្លងមករាជរដ្ឋាភិបាលបានរួមគ្នាអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីការងារសមរម្យចំនួន4 លើករួចមកហើយចាប់ពីឆ្នាំ២០០៥ ជាមួយនឹងដៃគូរតំណាងត្រីភាគី ហើយថ្ងៃនេះក៏នឹងមានជាការចុះហត្ថលេខាលើអនុស្សារណៈបន្តដើម្បីអនុវត្តលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាលើកទី៥ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សំដៅសម្រេចឲ្យបាននូវការងារអាទិភាពសំខាន់សំខាន់ៗដូចជាលើកកម្ពស់មុខរបរ និងការងារ និងការអភិវឌ្ឍសហគ្រាសប្រកបដោយចីរភាព ការពង្រឹង និងពង្រីកកិច្ចគាំពារសង្គមព្រមទាំងសុខភាពនិងសុវត្ថិភាពការងារ និងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅប្រសិទ្ធភាពការងារ។

៨)បន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លក្ខខណ្ឌការងារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈលើកកម្ពស់គម្រោងបរិស្ថានសង្គមនិងការងារក្នុងវិស័យវាយនភ័ណ្ឌនិងកាត់ដេរក្នុងតំបន់អាស៊ីគម្រោងផ្ដួចផ្ដើមគំនិតកិច្ចព្រមព្រៀងសកល និងគម្រោងផ្សេងៗជាច្រើនទៀត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរបងប្អូនជនរួមជាតិទាំងអស់ដែលកំពុងធ្វើការទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាអស់លោក លោកស្រី ជានិយោជក និងនិយោជិតបរទេស ជាមន្ត្រីអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ដែលកំពុងស្នាក់នៅ និងបំពេញភារកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា នូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.