Print this page

ក្រសួងការងារចុះពិនិត្យនិងតាមដានការអនុវត្តកម្មវិធី TVET 1.5M នៅវិទ្យាស្ថានធីវេតចំនួន២ ក្នុងខេត្តសៀមរាប

 អង្គារ, 17 វិច្ឆិកា 2026 19:25  |  106 ដង

(សៀមរាប)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចុះពិនិត្យ និងតាមដានការអនុវត្តកម្មវិធីអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M) នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងនិងគ្រូបច្ចេកទេសនៃវិទ្យាស្ថានទាំងពីរ រួមជាមួយនឹងចំណាប់អារម្មណ៍ផ្ទាល់របស់សិស្សធីវេតនៃកម្មវិធី TVET 1.5M លោកជំទាវបានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានធីវេតទាំងពីរ ដែលបានចូលរួមអនុវត្តកម្មវិធីនេះប្រកបដោយលទ្ធផលផ្លែផ្កាក្នុងការចូលរួមផ្តល់ជំនាញ ឱកាសការងារ និងប្រាក់ចំណូលជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។

 

ទន្ទឹមនឹងនេះ លោកជំទាវបានផ្ដាំផ្ញើឱ្យវិទ្យាស្ថានធីវេតទាំងពីរធ្វើជាឆ្អឹងខ្នងក្នុងការកសាងកម្លាំងពលកម្មជំនាញសម្រាប់កម្ពុជា ដោយត្រូវពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសរដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងវិស័យឯកជន ដើម្បីផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល TVET 1.5M ឱ្យកាន់តែទូលំទូលាយ និងជំរុញការចុះឈ្មោះចូលរៀនជំនាញ TVET ឱ្យកាន់តែច្រើន ជាមួយនឹងឱកាសចុះធ្វើកម្មសិក្សា និងឱកាសការងារ ស្របតាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី គឺ “រៀនឱ្យចេះ រៀនឱ្យចប់ ឱ្យមានការងារ”។

 

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការក៏បានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងវិទ្យាស្ថានទាំងពីរ និងការសិក្សារបស់សិស្ស-និស្សិតធីវេតនៅតាមថ្នាក់រៀន និងរោងជាង ដោយបានលើកទឹកចិត្តសិស្ស-និស្សិតធីវេតឱ្យខិតខំប្រឹងប្រែងសិក្សា ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញជាប្រចាំ និងត្រូវចងចាំថា មានជំនាញគឺមានការងារ មានការងារគឺមានចំណូល និងមានឱកាសជួយដល់ក្រុមគ្រួសារនិងសង្គមជាតិ៕

 

#MLVT #HENGSour #TVET