Print this page

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) និងស្ថានទូតឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការផ្តល់គម្រោងលទ្ធកម្មឧបករណ៍ និងសម្ភារៈបណ្តុះបណ្តាលជំនាញធុរកិច្ចភេសជ្ជៈ

 ព្រហស្បតិ៍, 04 ធ្នូ 2025 10:05  |  71 times

 

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានអញ្ជើញចូលរួមជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថានទូតឥណ្ឌា និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។  

 

នៅក្នុងពិធីនេះក៏មានការចូលរួមពីឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងឯកឧត្តម  Vanlalvawna Bawitlung ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ព្រមទាំងសហការី គណៈគ្រប់គ្រងវិទ្យាស្ថាន នាយករង លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ។

 

ថ្លែងក្នុងពិធីនោះដែរ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម ម៉ុល វិបុលបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជាដោយបានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នឹងបន្តរឹតចំណងសាមគ្គីភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេដងថែមទៀត ជាពិសេសក្នុងការអនុវត្តគម្រោង Quick Impact Project តាមរយៈ Indian Grant Assistance ឲ្យមានតម្លាភាព តាមកម្រិតស្តង់ដាប្រើប្រាស់នៅក្នុងការបង្រៀន និងរៀនលើមុខជំនាញធុរកិច្ច ពង្រឹងគុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនសមត្ថភាពសហគ្រិភាព ឲ្យមានប្រសិទ្ធភាពដើម្បីអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។

 

បន្ថែមពីនេះភាគីទាំងពីរបានប្តេជ្ញា និងសហការគ្នា ក្នុងការអនុវត្តគម្រោង Quick Impact Project នេះឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន ដោយភាគីស្ថានទូតឥណ្ឌា នឹងផ្តល់ទៅតាមកម្មវិធីលទ្ធកម្មឧបករណ៍ និងសម្ភារៈបណ្តុះបណ្តាលលើជំនាញធុរកិច្ចភេសជ្ជៈដល់ (NIEI) ដើម្បីប្រើប្រាស់ក្នុងការបង្រៀនសិស្សកម្រិត C1 (1.5M)ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន៕ 

 

#MLVT #HENGSour #TVET