(ខេត្តសៀមរាប)៖ នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃហានិភ័យនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ សម្រាប់អធិការពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងាររាជធានី ខេត្ត ចំនួន៩ រួមមាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ សរុបចំនួន ៣០នាក់។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមកិច្ចសហការរវាង វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគម្រោង GIZ FABRIC Cambodia នៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងបង្កើនចំណេះដឹងដល់អធិការពេទ្យការងារក្នុងការគ្រប់គ្រងហានិភ័យការងារប្រកបដោយប្រសិទ្ធភាពនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ សំដៅធានាសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពអធិការពេទ្យការងារ គឺជាការងារអាទិភាពដ៏សំខាន់មួយដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រទី៣ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ស្តីពីការអភិវឌ្ឍលក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមការវិវត្តនៃពិភពការងារ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តថា វគ្គបណ្តុះបណ្តាលនេះគឺជាវឌ្ឍនភាពថ្មីមួយទៀត ក្នុងក្របខណ្ឌការលើកកម្ពស់សមត្ថភាពអធិការពេទ្យការងារ ដើម្បីធានាថា អធិការពេទ្យការងារទាំងនៅថ្នាក់កណ្តាល និងថ្នាក់មន្ទីររាជធានី ខេត្ត ទទួលបានការបណ្ដុះបណ្ដាលគ្រប់គ្រាន់ពាក់ព័ន្ធនឹងវិធីសាស្ត្រកំណត់គ្រោះថ្នាក់ ការរៀបចំឯកសារនិងរបាយការណ៍វាយតម្លៃហានិភ័យ ការយល់ដឹងពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារ និងអាចកំណត់បាននូវប្រភេទនៃហានិភ័យនៅតាមផ្នែកផ្សេងៗនៃវិស័យការងារ។
លោក ចូវ សោភ័ណ្ឌ តំណាងគម្រោង GIZ FABRIC Cambodia បានបញ្ជាក់ផងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លើកកម្ពស់បរិយាកាសការងារប្រកបដោយសុវត្ថិភាពសម្រាប់កម្មករនិយោជិត និងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងជាការត្រៀមខ្លួនសម្រាប់ការអនុវត្តច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលគ្រោងនឹងអនុម័តនាពេលខាងមុខ។ លោកបន្តថា រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈគម្រោង GIZ FABRIC Cambodia នឹងបន្តកិច្ចសហការ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅធ្វើយ៉ាងណាប្រែក្លាយកន្លែងការងារជាកន្លែង ដែលមានសុវត្ថិភាព និងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់កម្មករនិយោជិតគ្រប់រូប៕
#MLVT #HENGSour