Print this page

ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងសំណូមពរនានា ដើម្បីត្រៀមរបាយការណ៍សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០

 ពុធ, 26 សីហា 2026 07:09  |    ផ្សព្វផ្សាយដោយ MLVT  |  65 ដង

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ តំណាងផ្នែករដ្ឋាភិបាល និងលោកឧកញ៉ាបណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ "ជ" តំណាងផ្នែកឯកជន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ “ក្រុមការងារ ជ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ និងបូកសរុបរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី២០ នៅពេលខាងមុខ ព្រមទាំងពិនិត្យដោះស្រាយបញ្ហាប្រឈមក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ និងការងារ ក៏ដូចជាសំណូមពររបស់វិស័យឯកជនតាមសំណើរបស់សភាពាណិជ្ជកម្មកម្ពុជា។ 

 

ថ្លែងទៅកាន់អង្គប្រជុំដែលមានការអញ្ជើញចូលរួមពីសំណាក់តំណាងផ្នែករដ្ឋាភិបាល និងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ "ជ" ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាង ១០០រូប ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះវិស័យឯកជន និងលេខាធិការដ្ឋានដែលតែងតែសហការគ្នាបានយ៉ាងល្អ និងបានចូលរួមលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចសន្ទនាសង្គម ដើម្បីពិនិត្យ និងដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាការលើកកម្ពស់បរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម និងសំណូមពរនាពេលកន្លងមក។

ឯកឧត្តមមានប្រសាសន៍ថា ខណៈដែលរាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យឯកជនជាដៃគូសង្គមដ៏ល្អក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងពិនិត្យសំណើ និងសំណូមពរ ដែលធ្វើឱ្យក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈមិនសូវមានបញ្ហាសេសសល់ច្រើននោះទេ ជាពិសេសការដោះស្រាយបញ្ហាយ៉ាងរលូនក្នុងកម្រិតបច្ចេកទេស។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យសមាជិកទាំងអស់បង្កើនការដោះស្រាយបញ្ហាភ្លាមៗជាប្រចាំបន្ថែមទៀតដោយប្រើប្រាស់យន្តការដែលមានស្រាប់តាមរយៈប្រព័ន្ធទូរស័ព្ទ Hotline លេខ ១២៩៧ ក្រុមតេឡេក្រាម ប្រអប់អនាមិក ឬជួបគ្នាផ្ទាល់បើចាំបាច់ដោយមិនត្រូវរង់ចាំរហូតដល់មានកិច្ចប្រជុំនោះទេ។ លើសពីនេះ ឯកឧត្តមក៏ជំរុញឱ្យវិស័យឯកជនបញ្ជូនមន្រ្តីផ្នែកធនធានមនុស្សមកចូលរួមការបណ្តុះបណ្តាលនៅក្រសួង ឬតាមតំបន់សេដ្ឋកិច្ចពិសេស ដោយឥតគិតថ្លៃអំពីច្បាប់ និងនីតិវិធីផ្សេងៗដែលពាក់ព័ន្ធនឹងការអង្កេត និងដោះស្រាយវិវាទ ដើម្បីបង្កើនសមត្ថភាពយល់ដឹងពីនីតិវិធីច្បាប់ និងឈ្វេងយល់ពីគ្នាកាន់តែច្រើន ហើយដោះស្រាយបញ្ហាកាន់តែមានប្រសិទ្ធភាព និងមានសុខដុមរមនានៅក្នុងសហគ្រាស។

 

ជាមួយនឹងការកត់សម្គាល់ពីភាពចាស់ទុំនៃវិស័យឯកជន លោកឧកញ៉ាបណ្ឌិត ណាង សុធី អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ជ" តំណាងផ្នែកឯកជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងថ្លែងការកោតសរសើរឯកឧត្តមរដ្ឋមន្រ្តីចំពោះភាពឈ្លាសវៃ សកម្ម និងរហ័សរហួនក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហារបស់វិស័យឯកជន ជាពិសេសតាមរយៈការបង្កើតក្រុមការងារបច្ចេកទេសប្រកបដោយប្រសិទ្ធភាពខ្ពស់៕

#MLVT #HENGSour