Print this page

ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងការងារ ទទួលការបណ្តុះបណ្តាលពីការប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរស្របតាមគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល

 ច័ន្ទ, 10 សីហា 2026 12:46  |    ផ្សព្វផ្សាយដោយ MLVT  |  55 ដង

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ” ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំឌីជីថលក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាជំនួយក្នុងការបំពេញការងារ ការធ្វើទំនើបកម្មអភិបាលកិច្ច និងការផ្តល់សេវាសាធារណៈ ព្រមទាំងផ្តោតលើការយល់ដឹងជាយុទ្ធសាស្ត្រពីផលប៉ះពាល់ និងនិន្នាការ AI លើទីផ្សារការងារ ការគ្រប់គ្រងក្រមសីលធម៌ សុវត្ថិភាពទិន្នន័យ និងហានិភ័យ និងការកសាងវប្បធម៌នវានុវត្តន៍ ដែលគាំទ្រការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាលឌីជីថល។ 

 

លោកជំទាវគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ និងចូលរួមចំណែកបន្ថែមក្នុងការលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំក្រសួងឱ្យកាន់តែបំពេញកិច្ចការនិងតួនាទីភារកិច្ចមានប្រសិទ្ធភាពបន្ថែមទៀត ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការរបស់សាធារណជន បងប្អូនកម្មករនិយោជិត និងនិយោជកផងដែរ។ លោកជំទាវបានរំលឹកឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើហានិភ័យមួយចំនួនដូចជា៖ ហានិភ័យនៃការលេចធ្លាយព័ត៌មានសម្ងាត់ ភាពមិនច្បាស់លាស់ និងការប្រឌិតព័ត៌មានខុសឆ្គងពីប្រព័ន្ធ AI ភាពលំអៀងនៃទិន្នន័យ ការបាត់បង់ភាពច្នៃប្រឌិត និងការធ្លាក់ចុះសមត្ថភាពមន្ត្រីដោយសារការពឹងផ្អែកខ្លាំងពេកលើការប្រើប្រាស់ប្រព័ន្ធ AI និងបញ្ហាគតិយុត្ត និងកម្មសិទ្ធិបញ្ញាផ្សេងៗ។ 

នាឱកាសនោះ លោកជំទាវបានក៏ថ្លែងនូវអំណរគុណចំពោះ លោកគ្រូឧទ្ទេសនិងក្រុមការងារមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានចំណាយពេលវេលាចែករំលែកនូវចំណេះក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។ 

 

ជាចុងក្រោយ លោកជំទាវបានផ្តល់អនុសាសន៍ដល់សិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការឱ្យពង្រឹងចំណេះដឹង និងប្រើប្រាស់ AI និងបច្ចេកវិទ្យាឌីជីថល ដើម្បីកែលម្អការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈ។ ទន្ទឹមនេះ ត្រូវបន្តចែករំលែកចំណេះដឹងនេះដល់មន្ត្រីក្រោមឱវាទ ឈ្វេងយល់ពីបច្ចេកវិទ្យាថ្មីៗ បង្កើតវប្បធម៌នវានុវត្តន៍ និងស្វែងរកលទ្ធភាពប្រើប្រាស់ AI ឱ្យកាន់តែមានប្រសិទ្ធភាព៕

#MLVT #HENGSour