Print this page

ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ

 សៅរ៍, 27 មិថុនា 2026 05:51  |    ផ្សព្វផ្សាយដោយ MLVT  |  107 ដង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ និងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោង ILO-Japan នៃអង្គការអន្តរជាតិខាងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ» ដល់មន្ត្រីអធិការកិច្ចការងារនៅថ្នាក់កណ្តាល និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្តទាំង២៥ សរុបចំនួន ៦០នាក់ ចែកជា ២ក្រុម ក្រោមអធិបតីភាពរបស់ ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាងការងារ។

 

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការបណ្តុះបណ្តាលនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ត្រីជំនាញឱ្យកាន់តែយល់ច្បាស់អំពីគោលនយោបាយសុវត្ថិភាពនិងសុខភាពការងារ ក៏ដូចជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារនៅសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សំដៅបង្កើតបរិយាកាសការងារប្រកបដោយសុខុមាលភាព និងសុវត្ថិភាពខ្ពស់សម្រាប់បងប្អូនកម្មករនិយោជិត។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ចំណេះដឹងដល់មន្ត្រីអធិការកិច្ចការងារ និងអធិការពេទ្យការងារគឺជាអាទិភាពគន្លឹះដែលមិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមក៏បានឱ្យដឹងដែរថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាប្រមូលធាតុចូលបន្ថែមដើម្បីកែលម្អសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការវិវត្ត នៃពិភពការងារ ហើយអធិការរបស់យើងត្រូវត្រៀមខ្លួនប្រកបដោយភាពបុរេសកម្មផងដែរ។ 

 

វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើខ្លឹមសារសំខាន់ៗរួមមាន ទិដ្ឋភាពទូទៅអំពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ ការរៀបចំគោលនយោបាយស្តីពីសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ការវាយតម្លៃហានិភ័យនៅកន្លែងធ្វើការ ការកំណត់ប្រភេទគ្រោះថ្នាក់ វិធីសាស្ត្រកត់ត្រា និងការជូនដំណឹងអំពីជំងឺវិជ្ជាជីវៈផ្សេងៗ។ 

 

គួរកត់សម្គាល់ថា មន្ត្រីអធិការកិច្ចការងារនៅថ្នាក់កណ្តាល និងមន្ទីររាជធានី- ខេត្តទាំង ២៥ ដែលទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ នឹងទទួលបានចំណេះដឹងបន្ថែមក្នុងការពង្រឹងការអនុវត្តបទប្បញ្ញត្តិច្បាប់ និងតួនាទីរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ដើម្បីបង្ការ និងធានាឱ្យបានថាសហគ្រាស ក្រុមហ៊ុន និងរោងចក្រក្លាយជាកន្លែងធ្វើការដែលមានសុខដុមរមនា និងសុវត្ថិភាព៕

#MLVT #HENGSour