Print this page

ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET

 សុក្រ, 05 មិថុនា 2026 19:36  |    ផ្សព្វផ្សាយដោយ MLVT  |  180 ដង

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) និងសហការី នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពការងារ និងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងគោលនយោបាយថ្នាក់ជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ គោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (NTVET) ក៏ដូចជា ការងារអាទិភាពនាពេលអនាគតក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យការងារជាដើម។  

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ក្នុងការគាំទ្រដល់ការបណ្តុះបណ្តាល ការអភិវឌ្ឍកម្លាំងពលកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែង ក៏ដូចជាផ្ដល់អនុសាសន៍គន្លឹះក្នុងដំណើរការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជំនាញនៅកម្ពុជា ដែលជាក់ស្តែងដូចជា គោលនយោបាយជាតិស្ដីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥នេះជាដើម។ 

 

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍជំនាញលើវិស័យឧស្សាហកម្ម។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានលើកឡើងពីសារៈសំខាន់នៃវិស័យ TVET រួមទាំង កម្មវិធី TVET ១,៥លាន ដែលជាគ្រឹះសម្រាប់ការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និងការរៀនជំនាញថ្មី ដែលផ្តល់ឱកាសស្មើគ្នាដល់យុវជន ស្របតាមតម្រូវការឧស្សាហកម្មដែលកំពុងវិវត្ត។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ADB កម្ពុជាកំពុងជួយយុវជនឱ្យទទួលបានការអភិវឌ្ឍជំនាញ ហើយការងារនិងប្រាក់ចំណូលកាន់តែប្រសើរ ដែលធ្វើឱ្យវិស័យ TVET កាន់តែមានការចាប់អារម្មណ៍ថែមទៀត។

ជាការឆ្លើយតប លោកស្រី ស៊ីឌីគី បានកោតសរសើរចំពោះសមិទ្ធផលការងារនៃកិច្ចសហការប្រតិបត្តិការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាភាពជាអ្នកដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការជំរុញឱ្យមានវឌ្ឍនភាពនៃវិធានការគោលនយោបាយសំខាន់ៗនេះ។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចពិភាក្សាយ៉ាងផុសផុលលើសេចក្តីព្រាងគោលនយោបាយទាំងនេះ។ លោកស្រីក៏បានបង្ហាញនូវការបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការអនុវត្តគោលនយោបាយ ក៏ដូចជាកម្មវិធីយុទ្ធសាស្ត្រសម្រាប់វិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីការពង្រីកកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល ក៏ដូចជាការពង្រីក និងការអភិវឌ្ឍសាលា TVET នៅតាមតំបន់គោលដៅសំខាន់ៗមួយចំនួនទៀត។

 

ជាមួយនឹងកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ឯកឧត្តម ហេង សួរ បានក៏បានគូសបញ្ជាក់ថា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយ ADB ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្សឱ្យកាន់តែប្រសើរឡើងថែមទៀតសម្រាប់ការអភិវឌ្ឍរយៈពេលវែង៕

#MLVT #HENGSour #TVET