(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញចូលរួមក្នុងពិធី ពិសាអាហារថ្ងៃត្រង់ថ្នាក់រដ្ឋមន្ត្រី ជាមួយលោកស្រី Lisa Wright នាយកប្រតិបត្តិរង និងជាប្រធានគណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅភោជនីយដ្ឋាន Zhan Liang នៃអគារវឌ្ឍនៈ។
ក្នុងបរិយាកាសដ៏សោមនស្សរីករាយនេះ ឯកឧត្ដមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ ADB សម្រាប់ភាពជាដៃគូជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការគាំទ្រដល់អាទិភាពអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសក្នុងការលើកកម្ពស់កំណើនប្រកបដោយបរិយាបន្ន ការអភិវឌ្ឍជំនាញ ការអភិវឌ្ឍវិស័យឯកជន ការបំប្លែងឌីជីថល និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ទន្ទឹមនេះ ឯកឧត្ដម ហេង សួរ បានគូសបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ADB លើកំណែទម្រង់ TVET ភាពជាដៃគូជាមួយវិស័យឧស្សាហកម្ម ព័ត៌មានទីផ្សារការងារ ជំនាញបៃតង និងឌីជីថល ព្រមទាំងកម្មវិធីគន្លងអប់រំថ្មី ដែលស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០២៦–២០៣៥ ដែលនឹងដាក់ឱ្យអនុវត្តនាពេលខាងមុខ។
កម្ពុជាបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការភាពជាដៃគូលើការអភិវឌ្ឍជំនាញ ព្រមទាំងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន៕


#MLVT #HENGSour