(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិស្តីពី «ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខាភ្នំពេញ។

ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីថ្នាក់ជាតិស្តីពី «ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ»(Skills Voucher Program for the Informal Economy) នេះនឹងជួយបង្កើនជំនាញ បង្កើនឱកាស ក៏ដូចជាបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ដែលជួយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានស្ថិរភាពផងដែរ ជាពិសេសធ្វើឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមានជំនាញស្តង់ដា ប្រកបដោយគុណភាព ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងមានភាពប្រកួតប្រជែង។
នៅក្នុងពិធីសម្ពោធជាផ្លូវការនេះ ក៏មានការរៀបចំកិច្ចពិភាក្សាស្ដីពី «ការគាំទ្ររបស់រាជរដ្ឋាភិបាល និងវិស័យឯកជន សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសសំខាន់ៗ ដើម្បីផ្លាស់ប្ដូរបទពិសោធ និងចំណេះដឹងល្អៗ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រផងដែរ៕
#MLVT #HENGSour
