(រាជធានីភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តផ្នែកសុវត្ថិភាពនិងសុខភាពការងារក្នុងគោលបំណងពង្រឹងក្របខ័ណ្ឌគតិយុត្តក្នុងការគ្រប់គ្រងកម្តៅនៅកន្លែងធ្វើការ។

កិច្ចប្រជុំនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងមានការចូលរួមពីអ្នកជំនាញផ្នែកសុវត្ថិភាពនិងសុខភាពការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO) តំណាងគម្រោង GIZ Fabric Cambodia និងអ្នកជំនាញផ្នែកសុវត្ថិភាពនិងសុខភាពការងារអន្តរជាតិជាច្រើនរូប ដែលបានចូលរួមចែករំលែកនូវបទពិសោធក្នុងការកំណត់នូវបទដ្ឋាននិងវិធានការគ្រប់គ្រងកម្តៅនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងបរិការណ៍នៃការប្រែប្រួលអាកាសធាតុជាសកល។
តាមរយៈកិច្ចពិភាក្សានោះ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចពិភាក្សាជាមួយដៃគូពាក់ព័ន្ធនៅក្នុងការរៀបចំធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តផ្នែកសុវត្ថិភាពនិងសុខភាពការងារ ដើម្បីលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងាររបស់បងប្អូនកម្មករនិយោជិត៕

#MLVT #HENGSour
English