Print this page

កិច្ចប្រជុំលើកទី១របស់ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ (PAB)

 សុក្រ, 08 មេសា 2022 12:44  |    Written by MLVT  |  4858 times

នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ (PAB) បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី១ ដើម្បីចែករំលែកលទ្ធផលការងារគម្រោងដែលបានអនុវត្តក្នុងវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២២ និងផែនការអនុវត្ត ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក សមាជិកា ត្រីភាគីដែលមានភាគីរាជរដ្ឋាភិបាល អង្គការសហជីព និងសមាគមនិយោជក។

 

កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងផ្ទាល់ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានPAB លោក យ៉ាស៊ុអូ អារីហ្គា អ្នកគ្រប់គ្រងគម្រោងរបស់អង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំនៅប្រទេសថៃ និង លោក ទុន សុភ័ណ មន្រ្តីសម្របសម្រួលថ្នាក់ជាតិរបស់អង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំនៅកម្ពុជា ហើយក៏មានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនទៀតរួមមាន EURO-CHAM, CARE និង APHEDA មានចំនួនសរុប ៣៥នាក់ (ស្រី០៧នាក់)។

 

កិច្ចប្រជុំផ្តើមលើការរាយការណ៍លទ្ធផលនៃកិច្ចប្រជុំរបស់ PAB ឆ្នាំ២០២១ និងរបាយការណ៍សមិទ្ធផលសកម្មភាពរបស់គម្រោង ២០២១ ការសិក្សាវិភាគលើឯកសារស្តីពីសុខភាព និងសុវត្ថិភាពការងារក្នុងប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងអនុសញ្ញាលេខ ១៨៧ វឌ្ឍនភាពលើសេចក្តីព្រាងឯកសារកម្រងព័ត៌មានជាតិស្តីពីអាស បេសស្តុសលើកទី២ និងសេចក្តីព្រាងនៃរបាយការណ៍ការអង្កេតលើការប្រើប្រាស់ សារធាតុអាសបេសស្តុសក្នុងប្រទេសកម្ពុជា វឌ្ឍនភាពលើសេចក្តីព្រាងឯកសារបទដ្ឋានគតិយុត្តស្តីពី សុខភាព និងសុវត្ថិភាពការងារនៃប្រទេសកម្ពុជា ដែលបានរៀបចំកន្លងមក (កម្រងព័ត៌មានជាតិ និងគោលការណ៍ណែនាំស្តីពីសុវត្ថិភាពនៃសារធាតុគីមីក្នុងកន្លែងធ្វើការ) និងដំណើការនៃការរៀបចំច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពការងារសម្រាប់ប្រទេសកម្ពុជា ក្រោមកិច្ចសហការជាមួយ ការចែករំលែកនូវលទ្ធផលការងារទាក់ទងនឹងសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ក្នុងឆ្នាំ២០២១ របស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនសំណង់ សហព័ន្ធសហជីពនានា និងអង្គការផ្សេងៗដែលជាសមាជិក។