នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ងុយ រិទ្ធ អនុរដ្ឋលេខាធិការ និងជានាយករខុទ្ទកាល័យឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធហ្សូម ជាមួយ ឯកឧត្តម Hao Bin អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តរជាតិ នៃក្រសួងធនធានមនុស្ស និងសន្តិសុខសង្គម របស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យមើលលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងសន្តិសុខសង្គម។
ភាគីទាំងបានលើកឡើងពីសារៈសំខាន់នៃការរៀបចំអោយមានអនុស្សរណៈនៃការយោគយល់គ្នានេះឡើងសំដៅចូលរួមជំរុញថែមទៀតនូវកិច្ចខិតខំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងគោលនយោបាយប្រទេសទាំងពីរ ខ្សែក្រវ៉ាត់និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណ។
កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងសន្តិសុខសង្គម នេះ នឹងកាន់តែគាំទ្រដល់ការជម្រុញកំណើននៃការវិនិយោគទុន និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាថែមទៀត ហើយថែមទាំងបង្កើតបាននូវឱកាសការងារ និងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ និងការផ្តល់នូវកិច្ចគាំពារសង្គមកាន់តែប្រសើឡើងផងដែរ។
កិច្ចប្រជុំបានបញ្ចប់ទៅប្រកបដោយផ្លែផ្កានូវសេចក្តីព្រាងចុងក្រោយដែលនឹងដាក់ឆ្លងថ្នាក់ដឹកនាំក្រសួងទាំងពីរ ដើម្បីឈានដល់ការចុះហត្ថលេខាក្នុងពេលវេលាសមស្របខាងមុខ។