Print this page

ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត

 អង្គារ, 27 មករា 2026 20:31  |  86 times

(ភ្នំពេញ)៖ នាទីស្តីការក្រសួង រសៀលថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូ (UNESCO) ថ្មីប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែមានសក្តានុពល។

 

ក្នុងជំនួបនោះ ឯកឧត្តម ហេង សួរ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការតែងតាំងរបស់ ឯកឧត្តម Flavio Bonetti និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសការអនុវត្ត កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY) និងកម្មវិធី BEEP។ 

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្មវិធី DEY គឺជាយន្តការដ៏មានសារៈសំខាន់ជួយបន្ថែមការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលកំណត់គោលដៅច្បាស់លាស់ឱ្យយុវជនត្រូវមានជំនាញច្បាស់លាស់ និងការយល់ដឹងស៊ីជម្រៅពីបច្ចេកវិទ្យា។ ការបំពាក់ជំនាញពិតប្រាកដនេះ នឹងធ្វើឱ្យកម្លាំងពលកម្មកម្ពុជាអាចបំពេញការងារប្រកបដោយផលិតភាពខ្ពស់ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលជាកត្តាគន្លឹះជួយឱ្យពួកគាត់ទទួលបានប្រាក់បៀវត្សខ្ពស់ជាងមុន និងលើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរ។ 

សម្រាប់ទិសដៅការងារបន្ត ភាគីទាំងពីរបានឯកភាពលើអាទិភាពយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ (១).ការផ្លាស់ប្ដូរឌីជីថលក្នុងប្រព័ន្ធ TVET នឹងបន្តបញ្ចូលជំនាញឌីជីថល និងបច្ចេកវិទ្យាបៃតងទៅក្នុងកម្មវិធីបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។ (២). បន្តគាំទ្រតាមរយៈកម្មវិធី BEEP នឹងបន្តពង្រឹងមជ្ឈមណ្ឌលសិក្សាបែបឌីជីថល ដើម្បីផ្តល់ឱកាសដល់យុវជនក្រៅសាលាឱ្យទទួលបានការអប់រំ និងជំនាញជាមូលដ្ឋាន។ (៣). ការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) នឹងជួយជំរុញការផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញពីមុន ជូនដល់អតីតពលករខ្មែរ ដើម្បីធ្វើសមាហរណកម្មពួកគាត់ទៅក្នុងទីផ្សារការងារប្រកបដោយសេចក្ដីថ្លៃថ្នូរ។

 

ជាការឆ្លើយតប ឯកឧត្តម Flavio Bonetti បានកោតសរសើរចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ UNESCO ក្នុងការបន្តគាំទ្រកម្ពុជា ដើម្បីកសាងកម្លាំងពលកម្មដែលមានបរិយាបន្ន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់សេដ្ឋកិច្ចឌីជីថល។ ឯកឧត្តមជឿជាក់ថា ភាពជាដៃគូដ៏រឹងមាំនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕

 

#MLVT #HENGSour