(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលបទប្បញ្ញត្តិច្បាប់ ពាក់ព័ន្ធវិស័យការងារ ដល់បុគ្គលិកទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស មកពីបណ្តារោងចក្រ សហគ្រាសនានា។ ពិធីនេះត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួង ក្រោមអធិបតីភាពលោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសិក្ខាកាមសរុបចំនួន ២២៥នាក់។

វគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗក្នុងវិស័យការងារ។ ការបណ្តុះបណ្តាលនេះ នឹងជួយឱ្យអ្នកគ្រប់គ្រងរដ្ឋបាល និងធនធានមនុស្ស អាចបំពេញភារកិច្ចបានកាន់តែមានប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ សំដៅធានាឱ្យបាននូវអនុលោមភាពតាមច្បាប់ការងារ និងបង្កើនផលិតភាពការងារនៅតាមបណ្តាសហគ្រាសឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គសិក្សានេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងជាការចូលរួមអនុវត្តយុទ្ធនាការ "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ" របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះមានគោលដៅលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ បង្កើតវប្បធម៌អនុលោមភាពតាមច្បាប់ និងពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដើម្បីជាប្រយោជន៍ដល់ទាំងនិយោជក និងកម្មករនិយោជិត។

ជាមួយគ្នានោះ លោកជំទាវ សៅ ស្រីពៅ បានផ្តល់អនុសាសន៍ដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការបង្ហាញរបស់គ្រូឧទ្ទេស និងចូលរួមពិភាក្សាដោះដូរយោបល់ឱ្យបានផុលផុស។ លោកជំទាវក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមយកចំណេះដឹងដែលទទួលបាន ទៅអនុវត្តក្នុងការងារជាក់ស្តែង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត និងចូលរួមអភិវឌ្ឍវិស័យការងារនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ផងដែរថា សិក្ខាកាមទាំងអស់សិក្សាយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ៗចំនួន ៨ រួមមាន៖ លក្ខខណ្ឌទូទៅនៃការងារ, ការអនុវត្តកិច្ចសន្យាការងារ, ការទូទាត់ប្រាក់បំណាច់, សុវត្ថិភាពនិងសុខភាពការងារ, សេរីភាពអង្គការវិជ្ជាជីវៈ, ការដោះស្រាយវិវាទការងារ, ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងវិស័យការងារ និងរបបសន្តិសុខសង្គម (ប.ស.ស.)៕
#MLVT #HENGSour


English