Print this page

ក្រសួងការងារ និងដៃគូសហការរៀបចំសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ លើកទី៣ រយៈពេល២ថ្ងៃ ក្រោមប្រធានបទ “បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន”

 ពុធ, 11 វិច្ឆិកា 2026 14:15  |    ផ្សព្វផ្សាយដោយ MLVT  |  86 ដង

(ភ្នំពេញ)៖ សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន៖ ជំនាញ បច្ចេកវិទ្យា និងភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល” ត្រូវបានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា​លោកស្រី Xiaoyan Qian នាយិកាក្រុមការងារនៃកម្មវិធីការងារសមរម្យ និងជានាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ  ដៃគូអភិវឌ្ឍន៍ តំណាងនិយោជក តំណាងកម្មករនិយោជិត ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិសរុបជាង៣៣០នាក់។

 

ថ្លែងក្នុងពិធីបើក ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា សន្និសីទថ្នាក់ជាតិនេះជាវេទិកាសម្រាប់ការពិភាក្សាទៅលើបញ្ហាទីផ្សារការងារ ផលិតភាពការងារ ជំនាញ និងអនាគតនៃការងារដោយផ្អែកលើភស្តុតាង។ ប្រធានបទដ៏សំខាន់នាឆ្នាំនេះ ឆ្លើយតបនឹងបច្ចុប្បន្នភាពកម្ពុជា និងតំបន់ ដែលកំពុងឈានចូលរបត់ថ្មីតាមរយៈការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ឌីជីថលូបនីយកម្ម បញ្ញាសិប្បនិម្មិត (AI) បម្រែបម្រួលប្រជាសាស្ត្រ ការប្រែប្រួលអាកាសធាតុ ការវិភាជឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ 

 

សន្និសីទឆ្នាំនេះ ក៏បានដាក់បញ្ចូលសកម្មភាពថ្មីៗ ដូចជា ការជ្រើសរើសអត្ថបទស្រាវជ្រាវ ការៀបចំកិច្ចពិភាក្សាតុមូលស្តីពីការភ្ជាប់ភស្តុតាងទៅនឹងគោលនយោបាយ និងការតាំងបង្ហាញនវានុវត្តទីផ្សារការងារ ដើម្បីធានាថាលទ្ធផលនៃសន្និសីទនេះនឹងផ្តល់ជាធាតុចូលប្រកបដោយភស្តុតាងវិទ្យាសាស្ត្ររឹងមាំ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីពន្លឿនបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច វិសិដ្ឋកម្មឧស្សាហកម្ម និងឆ្លើយតបនឹងដំណើរអន្តរកាលសេដ្ឋកិច្ច ក្រសួងចាត់ទុកការកសាង "ភាពធន់" និង "ផលិតភាព" នៃកម្លាំងពលកម្មជាអាទិភាពខ្ពស់បំផុត ដោយពន្លឿនបញ្ចប់ការរៀបចំនិងអនុវត្តនូវឯកសារគោលនយោបាយជាតិដ៏មានតម្លៃ សម្រាប់ជាត្រីវិស័យតម្រង់ទិសក្នុងមួយទសវត្សរ៍បន្ទាប់ គឺ (១) គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ និង (២) គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជម្រាបជូនពីវឌ្ឍនភាពសំខាន់ៗនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការបង្កើតឱកាសការងារ លើកកម្ពស់ជីវភាពកម្មករនិយោជិត អភិវឌ្ឍមូលធនមនុស្ស និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងបរិយាបន្ន។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា សន្និសីទនេះនឹងបន្តដើរតួនាទីជាវេទិកាដ៏សំខាន់ ជំរុញការពិភាក្សាគោលនយោបាយផ្អែកលើភស្តុតាង ដើម្បីធានាថាបរិវត្តកម្មទីផ្សារការងារកម្ពុជាមានភាពប្រទាក់ក្រឡាគ្នាជិតស្និទ្ធទៅនឹងគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្នាក់ជាតិ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យពាក់ព័ន្ធផ្សេងៗទៀត ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

 

នាឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរចំពោះក្រសួងការងារ និងដៃគូដែលបានសហការរៀបចំសន្និសីទប្រចាំឆ្នាំនេះឡើង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ។ ឯកឧត្តមមានប្រសាសន៍ថា សន្និសីទនេះជាការបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលចាត់ទុកមនុស្សជា “អាទិភាពគន្លឹះ” ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

 

ដើម្បីតម្រង់ទិស និងជាយុទ្ធសាស្ត្រក្នុងការធ្វើបរិវត្តកម្មទីផ្សារការងារ និងការកសាងមូលធនមនុស្សដើម្បីធានាភាពប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ៗ ដូចជា៖ ការពង្រឹងប្រព័ន្ធព័ត៌មានទីផ្សារការងារ តាមពេលជាក់ស្តែង និងតាមតំបន់, ការបន្ស៊ីការបណ្តុះបណ្តាលជំនាញឱ្យស្របទៅនឹងតម្រូវការឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់, ការត្រៀមលក្ខណៈចាប់យកកាលានុវត្តភាពពី “បរិវត្តកម្ម” និង “អន្ដរកាលកម្ម”, ការពង្រឹងភាពប្រកួតប្រជែង, ការជំរុញអន្តរកាលពីសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធ និងការពង្រីកកិច្ចគាំពារសង្គម និងការពង្រឹងចីរភាពហិរញ្ញប្បទាន និងភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងការអភិវឌ្ឍជំនាញជាដើម៕

#MLVT #HENGSour