Print this page

ក្រសួងការងារ និងអង្គភាព KLES ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ

 សុក្រ, 18 កញ្ញា 2026 14:02  |    ផ្សព្វផ្សាយដោយ MLVT  |  55 ដង

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូនៃអង្គភាពសេវាការងារនិងមុខរបរ  (Korean Labor and Employment Service - KLES) នៃក្រសួងការងារកូរ៉េ ដែលដឹកនាំដោយ លោក ផាក ជុងភីល (Park Jong-pil) អគ្គលេខាធិការ ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខរបរនិងការងារ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

 

លោកជំទាវរដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង និង KLES នាពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា តាមរយៈអនុសាសន៍គោលនយោបាយពាក់ព័ន្ធនឹងយន្តការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ និងប្រព័ន្ធអធិការកិច្ចការងារ។

ជាមួយគ្នានេះ តំណាងអង្គភាព KLES ក៏បានអបអរសាទរចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលជាមូលដ្ឋានក្នុងការទាក់ទាញការវិនិយោគកូរ៉េមកកម្ពុជាផងដែរ។ 

 

ដើម្បីឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃពិភពការងារ និងបរិការណ៍សេដ្ឋកិច្ចសកល ព្រមទាំងឥទ្ធិពលនៃបរិវត្តកម្មឌីជីថលនិងបញ្ញាសិប្បនិម្មិត (AI) ការអនុវត្ត MoU ខាងលើនឹងបន្តផ្តោតលើការទាញយកផលប្រយោជន៍ពីបរិវត្តកម្មឌីជីថលក្នុងការអភិវឌ្ឍវិស័យការងារ ជាពិសេស ការពង្រឹងប្រព័ន្ធព័ត៌មានទីផ្សារការងារ យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ និងការធ្វើអធិការកិច្ចការងារ។ 

 

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការចែករំលែកបទពិសោធ ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ព្រមទាំងគាំទ្រការផ្សព្វផ្សាយអំពីអនុលោមភាពការងារ ដើម្បីពង្រីកឱកាសទាក់ទាញវិនិយោគិនបរទេស ជាពិសេស វិនិយោគិនកូរ៉េ។ ភាគីកូរ៉េ ជឿជាក់ថា ការអនុវត្ត MoU នេះ  នឹងបង្កើននូវភាពទាក់ទាញរបស់កម្ពុជាចំពោះវិនិយោគិនកូរ៉េ ដែលនឹងផ្ដល់អត្ថប្រយោជន៍រួមដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

 

#MLVT #HENGSour