(ភ្នំពេញ)៖ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាចែករំលែកចំណេះដឹងស្តីពីការពង្រីកការទូទាត់ប្រាក់ឈ្នួលឌីជីថលដោយទំនួលខុសត្រូវ ដើម្បីបរិយាបន្នហិរញ្ញវត្ថុ និងប្រសិទ្ធភាពសហគ្រាសតូច មធ្យម និងធំ នៅក្នុងកម្ពុជា ឥណ្ឌូណេស៊ី និងហ្វីលីពីន» ដែលសហការរៀបចំដោយគម្រោងមជ្ឈមណ្ឌលសកលរបស់អង្គការអន្តរជាតិខាងការងារ (ILO) ស្តីពីប្រាក់ឈ្នួលឌីជីថលសម្រាប់ការងារសមរម្យ, ILO/IFC BFC Better Factories Cambodia និង RISE (Reimagining Industry to Support Equality) ដោយសហការយ៉ាងជិតស្និទ្ធជាមួយ ASEAN Confederation of Employers និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដោយមានអ្នកចូលរួមប្រមាណ ៨០នាក់ នៅសណ្ឋាគារ ណូវ៉ូថែល បឹងកេងកង១ (Novotel BKK1) រាជធានីភ្នំពេញ។
សិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃ ដោយមានគោលបំណងលើកកម្ពស់ការយល់ដឹងជាត្រីភាគីអំពីអត្ថប្រយោជន៍ ឱកាស និងបញ្ហាប្រឈមដែលទាក់ទងនឹងការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល តាមរយៈការចែករំលែកចំណេះដឹង បទពិសោធ និងការអនុវត្តជាយុទ្ធសាស្ត្រល្អៗ ដើម្បីជំរុញការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថលដោយមានទំនួលខុសត្រូវ និងសេវាហិរញ្ញវត្ថុដែលត្រូវបានអនុវត្តក្នុងវិស័យនានា និងប្រទេសផ្សេងៗ។
ម្យ៉ាងទៀត សិក្ខាសាលានេះក៏មានគោលបំណងជំរុញការសហការរវាងអង្គការ ILO និងអ្នកជំនាញផ្សេងៗ នៅតាមប្រទេសជាគោលដៅ ដើម្បីលើកកម្ពស់ការទូទាត់ប្រាក់ឈ្នួលឌីជីថល ក៏ដូចជាដោះស្រាយបញ្ហាដែលនៅសេសសល់ និងរៀបចំផែនការកែលម្អ និងពង្រីកការអនុវត្តការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល និងសេវាហិរញ្ញវត្ថុពាក់ព័ន្ធ ដោយមានការចូលរួមយ៉ាងសកម្មពីសហគមន៍កម្មករ និងសហគមន៍និយោជក។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា ការជួបជុំគ្នានាពេលនេះ គឺស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូររបៀបដែលសេដ្ឋកិច្ចដំណើរការ របៀបដែលអាជីវកម្មដំណើរការ របៀបបង្កើតតម្លៃ និងរបៀបដែលកម្មករចូលរួមក្នុងដំណើរការសេដ្ឋកិច្ចផ្លូវការ ទាំងប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅទូទាំងពិភពលោក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងដែរថា ការវិវត្តន៍ដ៏ឆាប់រហ័ស នៃការទូទាត់ប្រាក់ឈ្នួលតាមបច្ចេកវិទ្យាឌីជីថល មិនគ្រាន់តែជាការបង្កើតថ្មីប៉ុណ្ណោះទេ តែជាកំណែទម្រង់មូលដ្ឋានដែលចំចំណុចនៃទីផ្សារការងារ ប្រព័ន្ធហិរញ្ញវត្ថុ និងការការពារសង្គម៕
#MLVT #HENGSour