Print this page

ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី

 អង្គារ, 12 មេសា 2022 11:57  |  3382 times

នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ នឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង អស់លោក លោកស្រី ជាមន្ត្រីរាជការក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីសូត្រមន្ត រាំរបាំជូនពរ និងការសម្តែងរបាំត្រុឌ ដើម្បីបណ្តេញគ្រោះឧបទ្រពចង្រៃឆ្នាំចាស់ និងលើករាសីសម្រាប់ឆ្នាំថ្មី ។

 

ឯកឧត្តមរដ្ឋមន្ត្រី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី សូមប្រោះព្រំប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហារប្រសើរ និងជួយតាមថែរក្សាបីបាច់ដល់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង អស់លោក លោកស្រី ជាមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ ដើម្បីចូលរួមបម្រើលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អោយទទួលបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕