ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អរគុណអូស្ត្រាលីដែលបណ្តុះបណ្តាលក្រុមប្រឹក្សាអាជ្ញាកណ្តាល

 ពុធ, 08 វិច្ឆិកា 2023 21:08  |    Written by MLVT  |  466 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Justin Whyatt (ចាស្ទីន វ៉ាយអេត) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។ 

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពរីករាយ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានបណ្តុះបណ្តាលសមត្ថភាព និងគាំទ្រដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាស្ថាប័នមួយដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។

 

ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ការគាំទ្រលើការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់កម្ពុជាដែលជាផ្នែកដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនមកដល់ពេលនេះ។ 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណដល់រាជរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអង្គការអន្តរជាតិខាងការងារ(ILO) ជាពិសេសគម្រោងនៃការហាមឃាត់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់អាបេស្តុសក្នុងវិស័យសំណង់ និងវិស័យផ្សេងៗទៀត។

 

នៅក្នុងកិច្ចពិភាក្សានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលយកគម្រោង និងផ្តល់កិច្ចសហការយ៉ាងរលូនជាមួយរដ្ឋាភិបាលអូស្ត្រាលី។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរពីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជាផងដែ។ 

 

មុននឹងបញ្ចប់ជំនួប ឯកឧត្តមចាស្ទីន វ៉ាយអេត បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា ក្នុងនាមជាអ្នកតំណាងឱ្យរដ្ឋាភិបាលអូស្ត្រាលី ឯកឧត្តមនឹងបន្តខិតខំជំរុញឱ្យអ្នកវិនិយោគអូស្ត្រាលីបង្កើនការដាក់ទុនវិនិយោគដើម្បីបង្កើតឱកាសការងារជូនពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕

 

#MLVT

ឯកសារផ្លូវការ