វគ្គបណ្តុះបណ្តាលមន្ត្រីអធិការការងារ អំពីរបាយការណ៍អធិការកិច្ចការងារសម្រាប់មន្ត្រីអធិការការងារនៅតាមបណ្តាមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត

 អង្គារ, 23 មករា 2018 13:59  |    Written by MLVT  |  202 times  |   Print  |   Email

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឡេង សែ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីអធិការការងារអំពីរបាយការណ៍អធិការកិច្ចការងារសម្រាប់មន្ត្រីអធិការការងារនៅតាមបណ្តាមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលមន្ត្រីអធិការការងារពីការប្រើប្រាស់របាយការណ៍អធិការកិច្ចការងារថ្មីរបស់ក្រសួង ដែលត្រូវបានរៀបចំដោយធ្វើការសំយោគរវាងរបាយការណ៍អធិការកិច្ចការងាររបស់ក្រសួង និងបញ្ជីត្រួតពិនិត្យ របស់ ILO-BFC រួមទាំងបទដ្ឋានអន្តរជាតិពាក់ព័ន្ធនានា។ កន្លងមក ក្រសួងក៏បានធ្វើការបណ្តុះបណ្តាលគ្រូបង្គោលនៅតាមបណ្តានាយកដ្ឋាន និងមន្ត្រី អធិការការងារនៅថ្នាក់កណ្តាលផងដែរ។ ថ្លែងក្នុងពិធីបើកនោះ ឯកឧត្តមបានលើកឡើងថា យន្តការអធិការកិច្ចការងារ គឺជាឆ្អឹងខ្នង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដូចនេះ ឯកឧត្តមជឿជាក់ថា របាយការណ៍អធិការកិច្ចការងារថ្មីដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយជាងមុននេះ នឹងអាចទទួលបាននូវជំនឿទុកចិត្តពីសំណាក់កម្មករនិយោជិត និយោជក អង្គការវិជ្ជាជីវៈ សហគមន៍ជាតិ និងអន្តរជាតិ។ ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ នឹងជួយមន្ត្រីអធិការការងារឱ្យអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសិទ្ធភាព សំដៅរួមចំណែកបន្តលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈឲ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើឱ្យសិក្ខាកាមទាំងអស់ចូលរួមជជែកពិភាក្សាឱ្យបានផុសផុល ក្នុងការចែករំលែកនូវបទពិសោធន៍និងចំណេះដឹងដែលមានក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏ដូចជាមន្ត្រីផ្សេងៗនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីពង្រឹងយន្តការអធិការកិច្ចការងារកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ។