ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS)

 ច័ន្ទ, 22 មករា 2018 14:15  |    Written by MLVT  |  201 times  |   Print  |   Email

នៅព្រឹកថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញអធិបតីក្នុងពិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS)នាសណ្ឋាគារកាំបូឌីយ៉ាណា។

ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នានោះឯកឧត្តមបណ្ឌិតមានប្រសាសន៍ថាឯកឧត្តម សូមសាទរចំពោះកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការACILS នាពេលកន្លងមក រហូតឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងថ្ងៃនេះ។

ឯកឧត្តមបណ្ឌិតបញ្ជាក់ទៀតថា កន្លងមកក្រសួង ក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការ ACILS បើទោះជាមិនមានក្របខណ្ឌជាអនុស្សរណៈនៃការយោគយល់គ្នាក៏ដោយ។ តែនេះជាលើកដំបូង ដែលកិច្ចសហប្រតិបត្តិការនេះឈានដល់ការរៀបចំឱ្យមានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងធ្វើឱ្យភាពជាដៃគូរវាងក្រសួង និងអង្គការ ACILS កាន់តែល្អប្រសើរ។ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាក្របខណ្ឌដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលនឹងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពេលនេះ យើងនឹងរួមគ្នាពង្រឹងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ សំដៅឆ្លើយតបទៅនឹងគោលបំណងដែលបានកំណត់ក្នុងអនុស្សរណៈ ដែលនឹងចុះហត្ថលេខារួមគ្នានេះ ជាពិសេស កិច្ចសហប្រតិបត្តិការលើផ្នែកសុខភាពនិងសុវត្ថិភាពការងារ និងការអភិវឌ្ឍសុវត្ថិភាពនៃការដឹកជញ្ជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ដែលជាជំហានដំបូងនៃការអនុវត្តក្របខណ្ឌនេះ។ជាមួយគ្នានោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា អនុស្សរណៈនេះ នឹងក្លាយជាក្របខណ្ឌសំខាន់មួយ សម្រាប់ប្រតិបត្តិការរបស់អង្គការ ACILS កាន់តែទូលំទូលាយក្នុងវិស័យការងារ ក៏ដូចជាផ្ដល់នូវភាពស្របច្បាប់សម្រាប់ប្រតិបត្តិការការងាររបស់ខ្លួន អនុលោមតាមច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

គួររំឭកផងដែរថា កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តការផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ។ តាមរយៈកិច្ចសហការនេះ កម្ពុជាបានខិតខំពង្រឹងការអនុវត្តលក្ខខណ្ឌការងារល្អប្រសើរ ដែលឆ្លើយតបទៅនឹងកង្វល់របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកបញ្ជាទិញធំៗរបស់សហរដ្ឋអាមេរិក សហជីព និយោជក កម្មករនិយោជិត។ ជាលទ្ធផល កម្ពុជានៅតែរក្សាបានទីផ្សារ និងកិត្យានុភាពទំនិញដែលផលិតនៅកម្ពុជា ព្រមទាំងការអនុគ្រោះនានា។ តាមរយៈនេះ យើងសង្ឃឹមយ៉ាងមុតមាំថា ការបញ្ជាទិញពីសហរដ្ឋអាមេរិកនៅតែបន្តកើនឡើងជាលំដាប់ ទាំងផលិតផលវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ក៏ដូចជាទំនិញសម្ភារៈធ្វើដំណើរ៕