វិទ្យា​ស្ថាន​បណ្តុះ​បណ្តាល​សេវា​ថែទាំ​មនុស្ស​ចាស់​របស់​ប្រទេស​ជប៉ុន​មួយ​នឹង​លេច​ជា​រូប​រាងឡើង​នៅ​កម្ពុជា​ក្នុង​ខែ​មេសា ឆ្នាំ២០១៨​ខាង​មុខ​នេះ

 ព្រហស្បតិ៍, 18 មករា 2018 10:59  |    Written by MLVT  |  325 times  |   Print  |   Email

ព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែ បុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលជួបលោក Kondo Yoshio ប្រធានក្រុមហ៊ុន Procast (CAMBODIA) Co., Ltd. ដើម្បីពិភាក្សាពីការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលសេវាថែទាំមនុស្សចាស់ និងការបញ្ជូនកម្មសិក្សាការី ទៅបម្រើការងារនៅប្រទេសជប៉ុន នាទីស្តីការក្រសួង។

ក្នុងជំនួបជាមួយនិងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី លោក Kondo Yoshio បានជម្រាបជូនឯកឧត្តមបណ្ឌិរដ្ឋមន្ត្រីថា វិទ្យាស្ថានថែទាំមនុស្សចាស់នេះ នឹងបណ្តុះបណ្តាលដល់សិក្ខាកាមកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅប្រទេសជប៉ុនឲ្យយល់ដឹងពីវិធីសាស្រ្តមើលថែទាំមនុស្សចាស់បានយ៉ាងល្អ ដែលក្នុងនោះមានការបណ្តុះបណ្តាលជាភាសាជប៉ុន ចិត្តវិទ្យាក្នុងការថែទាំមនុស្សចាស់ និងការសង្គ្រោះបឋមជាដើម ចំពោះគ្រូបណ្តុះបណ្តាលសុទ្ធតែជាគ្រូជនជាតិជប៉ុន។ជាមួយគ្នានោះដែរ លោក Kondo yoshio ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោកបានបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅជប៉ុនបាន២០០នាក់រួចមកហើយ ហើយក្រុមហ៊ុនគ្រោងនឹងបង្កើនឲ្យដល់៣០០នាក់ នៅឆ្នាំ២០១៨នេះ។លោកលើកឡើងទៀតថាដោយសារតែមានកិច្ចសហការល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបក្រុមហ៊ុនបញ្ជូនកម្មសិក្សាការីក្នុងចំនួននេះប្រព្រឹត្តទៅដោយជោគជ័យ។

ជាការឆ្លើយតបឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានសាទរចំពោះវិទ្យាស្ថានថែទាំមនុស្សចាស់នេះ ហើយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីថា វិទ្យាស្ថាននេះជាថ្នាក់បណ្តុះបណ្តាលសេវាថែទាំមនុស្សចាស់ដំបូងបំផុតនៅកម្ពុជា ក្នុងការបណ្តុះបណ្តាលសេវាថែទាំមនុស្សចាស់ដល់ពលករកម្ពុជាដែលនឹងទៅបម្រើការងារលើសេវាថែទាំមនុស្សចាស់នៅប្រទេសជប៉ុន និងជាដៃគូដំបូងបំផុតក្នុងការសហការជាមួយនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ជាមួយគ្នានោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានប្រៀបធៀបសមត្ថភាពរបស់សិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាលនៅក្នុងវិទ្យាស្ថាននេះថា មានសមត្ថភាពប្រហាក់ប្រហែលនឹងគិលានុប្បដ្ឋាកយិកាដែរ។ ចំពោះក្រុមហ៊ុនដែលមានគម្រោងបង្កើនចំនួនកម្មសិក្សាការីទៅបម្រើការងារនៅជប៉ុនឲ្យបាន៣០០នាក់នោះ ឯកឧត្តមបណ្ឌិរដ្ឋមន្ត្រីសាទរចំពោះការប្តេជ្ញារបស់ក្រុមហ៊ុន។ ហើយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីស្នើដល់ក្រុមហ៊ុនបង្កើន ចំនួនការបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅប្រទេសជប៉ុនឲ្យបានច្រើនជាងនេះបន្ថែមទៀត។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា តាមរយៈការចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបញ្ជូនកម្មសិក្សាការីបច្ចេកទេសទៅធ្វើកម្មសិក្សា និងធ្វើការនៅខេត្តអិហ៊ិម៉ិ នៃប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ នឹងជួយឲ្យក្រុមហ៊ុន Procast (CAMBODIA) Co., Ltd. នេះអាចបង្កើនចំនួនកម្មសិក្សាការីទៅបម្រើការងារនៅប្រទេសជប៉ុនបានកាន់តែច្រើនបន្ថែមទៀត ព្រោះក្រុមហ៊ុនមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីអនុវត្តនៃនីតិវិធីនៃការបញ្ជូនកម្មសិក្សាការី នេះរួចមកហើយ៕