(ទីក្រុងសានយ៉ា-ចិន)៖ ក្រុមហ៊ុន Geely Talent Development Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៦ នៃក្រុមហ៊ុន Geely Holding Group បានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលចុះហត្ថលេខានៅពេលនេះ មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់គុណភាព និងគំនិតច្នៃប្រឌិតនៅក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI)។
កិច្ចសហការនេះ រួមបញ្ចូលទាំងការរចនាគំរូអប់រំសម័យថ្មី ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចែករំលែកធនធានរយៈពេលវែង ក៏ដូចជាលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញ និងការផ្លាស់ប្ដូរបទពិសោធគ្រូ-និស្សិត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត ស្របតាមទិសដៅឧស្សាហកម្ម៤.០។
ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាស្រ្តាចារ្យ Devin Lu Dan ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Geely Talent Development Group ជាហត្ថលេខីនៃ MoU នេះ។
ក្រៅពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ការចែករំលែកបទពិសោធន៍នោះ នាថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា កុសល ក៏បានជួបជាមួយក្រុមការងារក្រុមហ៊ុន Geely Holding Group ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា នាពេលអនាគតផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Geely Holding Group រួមមាន Geely Auto Group, Volvo Car Group, Lotus Group, Geely Technology Goup, Geely New Energy Commerical Vechicle Group ៕
#MLVT #HENGSour #TVET