×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2944

Print this page

មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់ការយល់ដឹងជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា

 សៅរ៍, 30 វិច្ឆិកា 2024 10:14  |  931 times

 

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងឯកឧត្តម ផាក់ ចឹងអ៊ុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមបណ្ឌិត អាន់ ចុងជូ (Ahn Jong-Ju) ប្រធានទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងលោក ណាម ហូចេ (Nam Ho-Jae) តំណាងក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ។ 

 

ពិធីសម្ពោធមជ្ឈមណ្ឌលដែលស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ តំណាងសមាគមនិយោជក និងកម្មករនិយោជិត ព្រមទាំងដៃគូសហការ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបចំនួនជាង ២០០នាក់។ 

 

ឯកឧត្តម ហេង សួរ បានថ្លែងថា តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលត្រូវបានដាក់សម្ពោធនាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ និងផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ សំដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យគឺ “មានលក្ខខណ្ឌការងារល្អ និងភាពសុខសាន្តនៅកន្លែងធ្វើការ” និង “គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារត្រឹមត្រូវ ដោយអនុលោមទៅតាមបទដ្ឋានស្តីពីសុវត្ថិភាព និងសុខភាពការងារជាតិ និងអន្តរជាតិ ដើម្បីបង្ការគ្រោះថ្នាក់ការងារ”។  

 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថាវិស័យសុវត្ថិភាព និងសុខភាពការងារ បាននិងកំពុងបន្តអភិវឌ្ឍនៅក្នុងកម្រិតថ្មីមួយទៀត តាមរយៈការដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់និយោជក កម្មករនិយោជិត និងកសាងធនធានជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង មជ្ឈមណ្ឌលនេះ មានបំពាក់សម្ភារៈ និងបរិក្ខាឧបទេសទំនើបៗ ដែលជាជំនួយដល់សិក្ខាកាមសម្រាប់ធ្វើការពិសោធន៍ផ្ទាល់ មិនត្រឹមតែមានការសិក្សាលើទ្រឹស្តីតែមួយមុខនោះទេ ដែលនេះជាចំនុចពិសេសនៃមជ្ឈមណ្ឌល ដើម្បីបង្កើនការយល់ដឹង និងកំណត់បាននូវហានិភ័យដែលអាចនឹងកើតមាននៅពេលបំពេញការងារ ស្របទៅនឹងមុខវិជ្ជាផ្នែកសុវត្ថិភាព និងសុខភាពការងារ ដែលជាមុខវិជ្ជាបែបវិទ្យាសាស្ត្រ។  

 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់នាយកដ្ឋានពេទ្យការងារ និងការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍នានារួមមាន ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ, ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានសហការយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលនេះឱ្យលេចចេញជារូបរាងឡើង។ 

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងមុខរបរ និងការងារ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ដែលបានផ្ដល់ជំនួយផ្នែកបច្ចេកទេស និងសម្ភារៈបរិក្ខាដល់នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា៕

 

#MLVT #HENGSour

Image Gallery

{gallery}2944{/gallery}