×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2816

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រុមហ៊ុនRMA ចុះអនុស្សរណៈដើម្បីពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យយានយន្តនៅកម្ពុជា

 ច័ន្ទ, 09 កញ្ញា 2024 17:47  |  1336 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានចុះអនុស្សរណៈជាមួយ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (RMA) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈកម្មវិធីហ្វឹកហ្វឺនកូនជាងលើការបណ្តុះបណ្តាលតាមបច្ចេកវិទ្យាចុងក្រោយ និងសេវាការងារសាធារណៈ” ដែលកម្មវិធីនេះប្រារព្ធនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថាអនុស្សរណៈនេះនឹងធ្វើឱ្យធនធានមនុស្សកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់តាមរយៈការបណ្តុះបណ្តាលបច្ចេកវិទ្យាចុងក្រោយ និងសេវាសាធារណៈតាមរយៈការបណ្តុះបណ្តាលកូនជាង ដែលRMA នឹងទទួលយកសិស្សនិស្សិតដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាលើជំនាញដែលពាក់ព័ន្ធផ្សេងៗ។

 

បន្ថែមពីនេះ តាមរយៈអនុស្សរណៈដែលបានចុះហត្ថលេខានាពេលនេះ ក្រុមហ៊ុន RMA ក៏នឹងមានឱកាសក្នុងការសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសដើម្បីរៀបចំកម្មវិធីសិក្សាឱ្យសមស្របទៅនឹងតម្រូវការជំនាញរបស់ក្រុមហ៊ុន ហើយក៏ជាការចូលរួមចំណែកបណ្តុះបណ្តាល និងបំពេញកង្វះខាតធនធានមនុស្សផងដែរ។

 

ទន្ទឹមនឹងនេះ លោក ងន សាំង ក្នុងឱកាសនៃពិធីចុះអនុស្សរណៈបានសម្តែងនូវក្តីសោមនស្សរីករាយ និងបានលើកឡើងពីគោលការណ៍ថ្មីដែលនឹងអនុវត្ត ដោយការផ្តល់ឱកាសដល់បុគ្គលិកឱ្យទទួលបាននូវការបណ្តុះបណ្តាលជំនាញក្រៅម៉ោង ដែលអាចជួយទាំងក្រុមហ៊ុនឱ្យមានអ្នកបំពេញការងារ និងជួយដល់សិក្ខាកាមទទួលបានប្រាក់កម្រៃផងដែរ។ ជាមួយគ្នានេះ លោកក៏បានប្តេជ្ញាចិត្តក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។

 

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន RMA  បានផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្ស និស្សិត ដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តនៅតាមបណ្តាសហគ្រាស គ្រឹះស្ថានដៃគូ ជាមួយនឹងឱកាសការងារតាមរយៈការជ្រើសរើសក្នុងចំណោមអ្នកហាត់ការ ឬកម្មសិក្សាដែលស្គាល់ និងយល់ដឹងអំពីកន្លែងការងារស្រាប់ឱ្យក្លាយជាបុគ្គលិករបស់សហគ្រាសគ្រឹះស្ថានដៃគូ ហើយកិច្ចសហការនេះ ក៏នឹងចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ និងការពង្រឹងធនធានមនុស្សនៅកម្ពុជាស្របតាមតម្រូវការទីផ្សារការងារ។ 

 

មួយវិញទៀតអនុស្សរណៈនេះ នឹងធ្វើឱ្យសិក្ខាកាមដែលកំពុងសិក្សានៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសដែលស្ថិតក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចពង្រឹងសមត្ថភាពសិក្ខាកាមឱ្យកាន់តែប្រសើរ និងផលិតភាពខ្ពស់បន្ថែមតាមរយៈការផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តផ្ទាល់ជាមួយគ្រឿងយន្ត និងបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន RMA៕

 

#MLVT #HENGSour #

Image Gallery

{gallery}2816{/gallery}